ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ជ័យសុន ៖ បោះឆ្នោតជូនគណបក្សប្រជាជនគឺបោះឆ្នោតឱ្យខ្លួនឯង បោះឆ្នោតការពារសុខសន្តិភាព និងការអភិវឌ្ឍ

ចែករំលែក៖

 ខេត្តស្វាយរៀង៖ លោកបណ្ឌិត ជ័យសុន ប្រធានក្រុមបេក្ខជនទទួលចុះស្រុករមាសហែកនិងស្រុករំដួល បេក្ខជនតំណាងរាស្ត្រពេញសិទ្ធិសម្រាប់មណ្ឌលស្វាយរៀងបានអំពាវនាវឱ្យសមាជិក សមាជិកាបន្តគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជន គឺបោះឆ្នោតឱ្យខ្លួនឯង បោះឆ្នោតការពារសុខសន្តិភាព និងការអភិវឌ្ឍ។

    លោកបណ្ឌិតមានប្រសាសន៍បែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សចំនួន ១៥០០នាក់ នៅឃុំចំនួន៣គឺឃុំត្រស់ ឃុំអណ្ដូងត្របែកនិងឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

    លោកបណ្ឌិតបានមានប្រសាសន៍លើកឡើងថា ៖ រយៈកាលជាង៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជាបានខិតខំថែរក្សានិងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងជាប្រទេសដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។

   លោកបណ្ឌិតក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នាសូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី១៨ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសំឡេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។

    សូមបញ្ជាក់ផងដែរថា សម្រាប់ការឃោសនារកសំឡេងគាំទ្រទាំង១៣ គណបក្សនៅទូទាំងខេត្តស្វាយរៀង គឺគណបក្សនីមួយៗបានគោរពតាមគោលការណ៍របស់ គជប និងពុំមានបាតុភាពអ្វីកើតឡើងនោះទេ ។

  ខេត្តស្វាយរៀងមាន ៨ ក្រុង/ស្រុកនិង ៨០ឃុំសង្កាត់ មានចំនួន ៥អាសនៈ, ការិយាល័យបោះឆ្នោតមានចំនួន ៩៨៤ការិយាល័យ, មានគណបក្សនយោបាយចំនួន១៣ ក្នុងចំណោម១៨ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧, ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៤១៥.៩១៩នាក់ ចំណែកឯសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា មានចំនួន ៣២០.៨៦៦នាក់៕

ដោយ៖ សុថាន


ចែករំលែក៖