ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បេីករថយន្តម៉ាកLexusRX400h​ ទៅបុកឡើងលើខឿនផ្លូវបណ្តាលឱ្យខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖​ រថយន្តម៉ាក lexus RX400h មួយគ្រឿងបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ ខណៈបុរសម្នាក់បេីកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានរេចង្កូតទៅបុកខឿនធ្វើឱ្យរថយន្តកល់ជាប់​ កាលពីវេលាម៉ោង ១០និង ៥០នាទីយប់ថ្ងៃទី១៨​ ខែកក្កដាឆ្នាំ២០២៣​ នៅចំណុចភ្លើងស្តុបឫស្សីផ្អែម​ តាមបណ្ដោយផ្លូវ ៥០ម៉ែត្រ​ ក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោ​ ។ 

​    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុ​ គេឃើញរថយន្តម៉ាក Lexus RX400h ពណ៌ស្ករ​មួយគ្រឿង​ ពាក់ផ្លាកលេខភ្នំពេញ 2BE-6712 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន​ ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកឡើងលើខឿនកល់ជាប់ទៅមុខលែងរួច​ បណ្ដាលឱ្យរថយន្តបាក់កាឡេកង់មុខ​ និងកាងខូចខាតយ៉ាងដំណំ​ តែសំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស។

​    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចពិនិត្យជាក់ស្ដែងឃើញប៉ះពាល់ទៅលើទ្រព្យសម្បត្តិរដ្ឋនិងមិនប៉ះពាល់ដល់អ្នកដទៃ​ ទេីបសមត្ថកិច្ចឱ្យម្ចាស់រថយន្តបង្ក​ស្ទូចយករថយន្តចេញពីកន្លែងកេីតហេតុ​ដោយខ្លួនឯង ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖