ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ជាង ១ម៉ឺននាក់ ចូលរួមដង្ហែក្នុង ពិធីបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោត អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា មិនភ្លេចទេ លេខរៀងទី១៨

ចែករំលែក៖

ខេត្តស្វាយរៀង៖ អនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឱ្យដឹងថា នៅក្នុងថ្ងៃបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅខេត្តស្វាយរៀង នេះមានសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចូលរួមដង្ហៃរនៅទូទាំងខេត្តមានចំនួន ១៥ ០០០នាក់។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឱ្យដឹងដូចនេះក្នុងពិធីបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ នៅខេត្តស្វាយរៀង នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានអំពាវនាវឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលស្ថិតក្នុងលេខរៀងទី១៨ ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសំគាល់លើសន្លឹកឆ្នោត ដោយយកភ្ជាប់ជាមួយខ្លួន នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណ (ឯ.អ) មកជាមួយផង។

ខេត្តស្វាយរៀងមាន ៨ ក្រុង/ស្រុក និង ៨០ឃុំ/សង្កាត់ មានអាសនៈចំនួន ៥អាសនៈ និងការិយាល័យបោះឆ្នោតចំនួន ៩៨៤ការិយាល័យ ដោយមានគណបក្សនយោបាយចំនួន ១៣ ក្នុងចំណោម១៨ ដែលបានចូលរួមប្រគួតប្រជែងក្នុងការរកសម្លេងគាំទ្រ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៤១៥ ៩១៩នាក់ ចំណែកឯ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មានចំនួន ៣២០ ៨៦៦នាក់។ អំឡុងពេលយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះបាន ប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរី និងពហុបក្ស ។

គួរឱ្យដឹងដែរថា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ មាន រយៈពេល ២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣៕

ដោយ ៖ សហការី


ចែករំលែក៖