ភ្នំពេញ ៖ ម្ចាស់ផ្ទះបានអុជទៀនធូបទុកចោលលេីផ្ទះរួចក៏ចុះមកក្រោមដោយមិនបានប្រុងប្រយ័ត្ន បណ្ដាលឱ្យភ្លេីងឆាបឆេះអាសនៈផ្អើលដល់ប្រជាពលរដ្ឋហៅរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ទាន់ពេលវេលា បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិព្រៃរឹង សង្កាត់ស្នោ ខណ្ឌកំបូល។
ម្ចាស់ផ្ទះខាងលើមានឈ្មោះ អុន សុខគា ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់ដូរនៅផ្ទះ រស់នៅភូមិព្រៃរឹង សង្កាត់ស្នោ ខណ្ឌកំបូល មានឪពុកឈ្មោះស្វាយ អុល អាយុ៦៦ឆ្នាំ មុខរបរកសិករ និងម្តាយឈ្មោះឈួន ផាត អាយុ៦៤ឆ្នាំ មុខរបរកសិករ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលមកជួយពន្លត់អគ្គិភ័យ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះបានអុជធូបនៅលើអាសនៈផ្ទះជាន់ទី១ ហេីយបានចុះមកខាងក្រោម លុះមួយសន្ទុះក្រោយមកស្រាប់តែឃើញមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចខាងរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍ភ្លាមៗ។
ប្រភពដដែលបន្តថា នៅពេលនោះផងដែរ មានបន្ទប់មួយដែលដាក់លុយកាក់ និងរបស់របរមានតម្លៃ ហើយត្រូវម្ចាស់ផ្ទះប្រាប់បងប្អូនអ្នកជិតខាងអោយជួយធាក់ទម្លុះទ្វារដើម្បីចូលទៅយកលុយកាក់និងរបស់របរមានតម្លៃទាំងនោះបានភ្លាមៗ។ ចំណែកបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀតក៏បាននាំគ្នាដួសទឹកមកជួយជះពន្លត់ ដោយបងប្អូនប្រជាពលរដ្ឋខ្លះយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ភ្លាមៗផងដែរ តែមិនទាន់រលត់នោះទេ ទើបបងប្អូនប្រជាពលរដ្ឋទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍។ បន្ទាប់មកកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា។
ពាក់ព័ន្ធក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ អង្គភាពតម្រួតបទបញ្ជាចេញរថយន្តចំនួន២គ្រឿងជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ថា ឪពុកម្ចាស់ផ្ទះ ខណៈពេលឃើញអគ្គិភ័យឆាបឆេះអាសនៈរបស់គាត់ធ្វើអោយគាត់ភិតភ័យរហូតសន្លប់បាត់មាត់បាត់ក ហើយត្រូវបានក្រុមគ្រួសារនាំយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យផងដែរ។
បើតាមប្រភពព័ត៌មានពីលោកអនុភូមិ បាននិយាយប្រាប់ឱ្យដឹងដែរថា អគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង ទើបបណ្ដាលឱ្យឆាបឆេះតែម្តង តែមិនមានឆេះធ្ងន់ធ្ងរនោះទេ។
ចំណែកប្រភពពីបងប្អូនប្រជាពលរដ្ឋដែលជួយពន្លត់អគ្គិភ័យវិញ ក៏បានបង្ហើបប្រាប់ថា អគ្គិភ័យខាងលើនេះមិនមែនទុស្សេខ្សែភ្លើងនោះឡើយ គឺសង្ស័យការអុជទៀនធូប ព្រោះថានៅពេលកំពុងឆាបឆេះនោះ ភ្លើងអគ្គិសនីមិនទាន់រលត់នៅឡើយ គឺភ្លើងឆេះជាធម្មតា៕
ដោយ៖ សុខាសែនជ័យ