ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋផ្អេីលដល់សមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យចុះជូយអន្តរាគមន៍

ចែករំលែក៖

    ភ្នំពេញ ៖ ម្ចាស់ផ្ទះបានអុជ​ទៀន​ធូប​ទុក​ចោលលេីផ្ទះរួចក៏​ចុះ​មក​ក្រោម​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន បណ្ដាល​ឱ្យភ្លេីង​ឆាបឆេះ​អាសនៈ​ផ្អើល​ដល់ប្រជាពលរដ្ឋហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​បា​ញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​រឹង សង្កាត់​ស្នោ ខណ្ឌ​កំ​បូល​។

    ម្ចាស់ផ្ទះ​ខាងលើ​មានឈ្មោះ អុ​ន សុខ​គា ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​លក់​ដូរ​នៅផ្ទះ រស់នៅ​ភូមិ​ព្រៃ​រឹង សង្កាត់​ស្នោ ខណ្ឌ​កំ​បូល មាន​ឪពុក​ឈ្មោះស្វាយ អុល អាយុ​៦៦​ឆ្នាំ មុខរបរ​កសិករ និង​ម្តាយ​ឈ្មោះឈួ​ន ផាត អាយុ៦៤​ឆ្នាំ មុខរបរ​កសិករ​។

     តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ជួយ​ពន្លត់​អគ្គិភ័យ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ម្ចាស់ផ្ទះបានអុជធូបនៅលើអាសនៈផ្ទះជាន់ទី១​ ហេីយបានចុះមកខាងក្រោម លុះមួយសន្ទុះក្រោយមកស្រាប់តែឃើញ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​​យ៉ាង​សន្ធោសន្ធៅ​បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចខាងរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍ភ្លាមៗ។ 

    ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​នោះ​ផង​ដែរ មាន​បន្ទប់​មួយ​ដែល​ដាក់​លុយកាក់ និង​របស់របរ​មាន​តម្លៃ ហើយ​ត្រូវ​ម្ចាស់ផ្ទះ​ប្រាប់​បងប្អូន​អ្នក​ជិតខាង​អោយ​ជួយ​ធាក់​ទម្លុះ​ទ្វារដើម្បី​ចូលទៅយក​លុយកាក់និង​របស់របរ​មាន​តម្លៃ​ទាំងនោះ​បាន​ភ្លាម​ៗ​។ ចំណែក​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀតក៏​បាន​នាំ​គ្នា​ដួស​ទឹក​មក​ជួយ​ជះពន្លត់ ដោយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​ជួយ​បា​ញ់​ពន្លត់​ភ្លាម​ៗ​ផង​ដែរ តែ​មិន​ទាន់​រលត់​នោះ​ទេ ទើប​បងប្អូន​ប្រជាពលរដ្ឋ​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យមក​ជួយ​ធ្វើអន្តរាគមន៍​ទាន់​ពេលវេលា​។

   ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ខាងលើ​នេះ អង្គភាព​តម្រួត​បទបញ្ជា​ចេញ​រថយន្ត​ចំនួន​២​គ្រឿង​ជួយ​ធ្វើអន្តរាគមន៍​បា​ញ់​ទឹក​ពន្លត់​។ ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុបាន​បញ្ជាក់​ប្រាប់​ថា ឪពុក​ម្ចាស់ផ្ទះ ខណៈ​ពេល​ឃើញ​អគ្គិភ័យ​ឆាបឆេះ​អាសនៈ​របស់​គាត់ធ្វើ​អោយ​គាត់​ភិតភ័យ​រហូត​សន្ល​ប់​បាត់​មាត់​បាត់​ក ហើយត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅមន្ទីរពេទ្យផង​ដែរ​។

     បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក​អនុ​ភូមិ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា អគ្គិភ័យ​ខាងលើ​នេះ គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ទើប​បណ្ដាល​ឱ្យឆាបឆេះ​តែ​ម្តង តែ​មិន​មាន​ឆេះ​ធ្ងន់ធ្ងរ​នោះ​ទេ​។

    ចំណែក​ប្រភព​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួយ​ពន្លត់​អគ្គិភ័យ​វិញ ក៏​បាន​បង្ហើបប្រាប់​ថា អគ្គិភ័យ​ខាងលើ​នេះមិនមែន​ទុ​ស្សេ​ខ្សែភ្លើង​នោះ​ឡើយ គឺ​សង្ស័យ​ការ​អុជ​ទៀន​ធូប ព្រោះថានៅ​ពេល​កំពុង​ឆាបឆេះ​នោះ ភ្លើងអគ្គិសនី​មិន​ទាន់​រលត់​នៅឡើយ គឺ​ភ្លើង​ឆេះ​ជាធម្មតា​៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖