ភ្នំពេញ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងនៅខណ្ឌសែនសុខ ផ្អេីលប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចទាំងកំពុងដេកលង់លក់ នាំគ្នាចេញទៅជួយអន្ដរគមន៍បាញ់ពន្លត់ភ្លាមៗ។
ប្រភពដដែលបន្តថា ហេតុការណ៍ខាងលេីនេះ បានកើតឡើងនៅវេលាម៉ោង០៤និង០០នាទីទៀបភ្លឺ ថ្ងៃចន្ទ ៧កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នព ស្ថិតនៅ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមរបាយការណ៍របស់សមត្ដកិច្ចបានឲ្យដឹងថា ៖ ម្ចាស់ទីតាំងមានឈ្មោះ ដួង រតនា ភេទ ស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្រូទាយ ។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា មូលហេតុ ករណីអគ្គិភ័យខាងលើ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ។ ប្រភេទសំណង់ ថ្មបេតុង ទំហំ ០៤ម៉ែត្រ គុណនឹង១៦ម៉ែត្រ ខូចខាតសម្ភារៈរួមមាន ឆេះផ្ទះល្វែងជាន់ទី០៣ ចំនួន ០១ល្វែងលើ រួមទាំងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង នឹងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
សមត្ថកិច្ចជំនាញ បានប្រើរថយន្តការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៥ឡាន ស្មើរនឹង ២០ម៉ែត្រគូប ។ ពន្លត់ចប់នៅម៉ោង ០៥នឹង៣០នាទី នាថ្ងៃខែ ឆ្នាំដដែល៕
ដោយ៖ អរុណរះ