សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿងរបស់សហរដ្ឋអាមេរិកបានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទ ទី២៤ ខែកក្កដានេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីនាវាមុជទឹកអាមេរិកប្រដាប់ដោយមីស៊ីលបាលិស្ទីគនុយក្លេអ៊ែរចូលចតនៅឯកំពង់ផែមួយរបស់កូរ៉េខាងត្បូង ជាលើកដំបូងបំផុតក្នុងរយៈពេលជាង៤ទសវត្សរ៍មកនេះ។
កងទ័ពជើងទឹកកូរ៉េខាងត្បូងបានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា នាវាមុជទឹកអាមេរិក USS Annapolis បានចូលចតនៅឯមូលដ្ឋានទ័ពជើងទឹកមួយ នៅឯ កោះចេជូ (Jeju) ស្ថិតនៅភាគខាងត្បូងនៃប្រទេស ដើម្បីដឹកបរិក្ខារយោធា ក្នុងបេសកកម្មមួយដែលមិនត្រូវបានបញ្ជាក់លម្អិតអ្វីនោះទេ។ សេចក្ដីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ដូច្នេះថា «កងទ័ពជើងនៃប្រទេសទាំង២ (អាមេរិកនិងកូរ៉េខាងត្បូង) មានផែនការពង្រឹងជំហរយោធារួមគ្នាជាមួយការមកដល់នៃនាវាមុជទឹក USS Annapolis ហើយដឹកនាំការផ្លាស់ប្ដូរសកម្មភាព ដើម្បីរំឭកខួបលើកទី៧០ នៃសម្ព័ន្ធភាព»។
នាវាមុជទឹកអាមេរិកប្រដាប់ដោយមីស៊ីលបាលិស្ទីគនុយក្លេអ៊ែរ USS Kentucky បានចូលចតនៅឯកំពង់ផែនៃទីក្រុងប៊ូសាន កាលពីថ្ងៃអង្គារសប្ដាហ៍មុន ហើយនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់នាវាមុជទឹកប្រដាប់ដោយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក មកកាន់កូរ៉េខាងត្បូងគិតចាប់តាំងពីទសវត្សរ៍ ឆ្នាំ១៩៨០មក។ ប៉ុន្តែ កូរ៉េខាងជើងក៏បានព្រមានផងដែរពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ អមជាមួយការបាញ់សាកល្បងបាលិស្ទីគ២គ្រាប់កាលពីថ្ងៃពុធ និងបាញ់មីស៊ីលគ្រូសជាច្រើនគ្រាប់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ៕
ដោយ៖ ធីរីណា(រូបថត៖ Yonhap)