ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកប្រធានសមាគមស្បែកជើងកម្ពុជា បានលើកឡើងកាលពីពេលថ្មីៗនេះថា៖ កម្ពុជារំពឹងថាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជំរុញការនាំចេញទំនិញ ជាផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ បន្ទាប់ពីការនាំចេញទៅទីផ្សារអឺរ៉ុប និងអាមេរិក មាននិន្នាការធ្លាក់ចុះ។
ប្រធានសមាគមស្បែកជើងរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ការនាំចេញស្បែកជើងទៅកាន់ប្រទេសចិន និងកូរ៉េខាងត្បូង បានកើនឡើងគួរឱ្យសំគាល់ ចាប់តាំងពីអនុវត្តកិច្ចព្រមព្រៀង RCEP និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងកូរ៉េខាងត្បូងចូលជាធរមានកាលពីឆ្នាំមុន។
លោកឧកញ៉ា លី ឃុនថៃ បានថ្លែងបន្តថា៖ “ជាមួយនឹងពន្ធអនុគ្រោះ យើងរំពឹងថានឹងទទួលបានការបញ្ជាទិញបន្ថែមទៀតសម្រាប់ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ ទៅប្រទេសសមាជិក RCEP ទាំងនោះ” ។
សូមជម្រាបថា ទីផ្សារសំខាន់ៗនាពេលបច្ចុប្បន្នសម្រាប់ទំនិញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ របស់កម្ពុជាគឺអឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP រួមមានប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមទាំងប្រទេសសមាជិកអាស៊ានទាំង ១០ ដែលមានប្រ៊ុយណេ ,កម្ពុជា ,ឥណ្ឌូនេស៊ី ,ឡាវ ,ម៉ាឡេស៊ី ,មីយ៉ាន់ម៉ា ,ហ្វីលីពីន ,សិង្ហបុរី ,ថៃ និងវៀតណាម និងដៃគូពាណិជ្ជកម្មចំនួនប្រាំ គឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។
ដោយឡែកយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏បានបង្ហាញឱ្យដឹងថា កម្ពុជា បាននាំចេញទំនិញ ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ មានតម្លៃជាង ៥ ពាន់លានដុល្លារអាមេរិក ចាប់ពីខែមករាដល់ខែមិថុនាឆ្នាំនេះ ធ្លាក់ចុះជាង១៨ ភាគរយពី ជាង៦ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
ដោយ៖សហការី