ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងពីរគ្រាប់

ចែករំលែក៖

ក្រសួងការពារជាតិជប៉ុនបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួនពីរគ្រាប់នៅយប់ថ្ងៃចន្ទ ទី២៤ ខែកក្កដា។ កាំជ្រួចទាំងពីរបានធ្លាក់ចូលសមុទ្រនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។
មន្ត្រីក្រសួងការពារជាតិជប៉ុនបាននិយាយថា កាំជ្រួចពីរគ្រាប់ត្រូវបានបាញ់ចេញពីទិសខាងកើតចេញពីតំបន់មួយក្នុងប្រទេសកូរ៉េខាងជើង ដែលគ្រាប់ទីមួយបានបាញ់នៅម៉ោងប្រហែល 11:54 នាទីយប់ គ្រាប់ទីពីរនៅម៉ោងប្រហែល 11:59 យប់ថ្ងៃទី 24 ខែកក្កដា។
មន្ត្រីក្រសួងបាននិយាយថា កាំជ្រួចទាំងពីរនេះហោះបានចម្ងាយប្រហែល 350-400km និងឈានដល់កម្ពស់ប្រហែល 100km។ ក្រសួងការពារជាតិជប៉ុនក៏បាននិយាយផងដែរថា មិនមានរបាយការណ៍អំពីការខូចខាតដល់នាវានិងយន្តហោះរបស់ជប៉ុនទេ។
រដ្ឋាភិបាលជប៉ុនបានធ្វើការតវ៉ាប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ដោយនិយាយថា សកម្មភាពរបស់ខ្លួនរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងគំរាមកំហែងដល់សន្តិភាព និងសន្តិសុខរបស់ប្រទេសជប៉ុន តំបន់ និងសហគមន៍អន្តរជាតិ។
មុននេះ ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនបានបាញ់សាកល្បងកាំជ្រួចអន្តរទ្វីបឥន្ធនៈរឹងថ្មីមួយនៅថ្ងៃទី១២ ខែកក្កដា។ មួយសប្តាហ៍ក្រោយមក ប្រទេសនេះបានបាញ់មីស៊ីលផ្លោងចំនួនពីរគ្រាប់។
នេះជាលើកទី១៤ហើយគិតមកដល់ឆ្នាំនេះដែលកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកឬគ្រាប់ផ្លោងដោយប្រើបច្ចេកវិជ្ជាមីស៊ីលផ្លោង៕ ដោយ៖ ធីរីណា

រូប​ថត​៖ KCNA


ចែករំលែក៖