ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង អរគុណថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាពជំនាញ អាជ្ញាធរមូលដា្ឋន ប្រជាពលរដ្ឋ ដែលបានបំពេញកាតព្វកិច្ចបានយ៉ាងល្អក្នុងឱកាសបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ៖ យោងតាមលិខិតរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកក្ដដាឆ្នាំ២០២៣នេះថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញនិងក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ខ្ញុំសូមថ្លែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយនិងសណ្តាប់ធ្នាប់សាធារណៈ នៅតាមការិយាល័យបោះឆ្នោតទាំង២២០៦ ការិយាល័យក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ញ៉ាំងឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សា និងគ្មានបញ្ហាអសន្តិសុខណាមួយធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតឡើយ។

ជាមួយគ្នានេះ ខ្ញុំក៏សូមសម្តែងនូវមនោសញ្ចេតនាគោរពស្រឡាញ់និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងអត្រា៨៥,៧៥% នៅរាជធានីភ្នំពេញ ក្នុងឋានៈជាម្ចាស់ឆ្នោតនិងជាម្ចាស់នៃជោគវាសនាអនាគតរបស់ប្រទេសជាតិ ដើម្បីអនុវត្តសិទ្ធិនិងករណីយកិច្ចរបស់ខ្លួនដោយសេរី ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា “ប្រព័ន្ធបោះឆ្នោតនិងដំណើរការនៃការបោះឆ្នោតនៅប្រទេសកម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជាសកល សេរី ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌” ហើយកាន់តែបង្ហាញឱ្យឃើញថា “ប្រជាពលរដ្ឋទាំងអស់ត្រូវការរស់នៅនិងប្រកបធុរកិច្ចក្រោមដំបូលនៃសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍជានិច្ចនិរន្តរ៍យ៉ាងពិតប្រាកដ”៕

ដោយ៖ សំរិត


ចែករំលែក៖