ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ០២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញខណ្ឌដូនពេញចុះឃាត់ខ្លួនករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញសហការជាមួយកម្លាំងប៉ុស្តិ៍ស្រះចកបានចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនបុរស២នាក់ដកហូតថ្នាំញៀន២កញ្ចប់។ ការចុះឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង១១យប់ ថ្ងៃទី២៦ខែកក្តដា ឆ្នាំ២០២៣ ស្ថិតនៅចំណុច ផ្លូវលេខ៨៦ ភូមិ០៧ សង្កាត់ ស្រះចក ខណ្ឌដូនពេញ។

លោកម៉ៅ ចាន់ថុន អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដូនពេញបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញ ទើបសមត្ថកិច្ចផ្នែកជំនាញប្រឆាំងគ្រឿងញៀនខណ្ឌដូនពេញ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ បើកការស្រាវជ្រាវឈានដល់ការបង្ក្រាបករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យ២នាក់ទី១.ឈ្មោះ កុល សុីណា អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដនិងទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ(ឃាត់ខ្លួន)។

ទី២.ឈ្មោះ លន់ ណុច អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។

វត្ថុតាងត្រូវចាប់យកមាន ៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់តូច(ពីរកញ្ចប់តូច)។

បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ កំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖