ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ០៤នាក់​ ប៉ុនប៉ងលួចទ្រព្យសម្បត្តិពលរដ្ឋ​ ត្រូវនគរបាលខណ្ឌដង្កោ​ ឃាត់ខ្លួន

ចែករំលែក៖

   ភ្នំពេញ​ ៖​ កម្លាំងនគរបាលព្រហ្មទណ្ឌ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានធ្វេីការបង្ហាញមុខជនសង្ស័យ០៤នាក់ជាសាធារណៈ​ នាព្រឹកថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ​២០២៣​ បន្ទាប់ពីបង្ក្រាបជាក់ស្តែង បទល្មើសប៉ុនប៉ងលួច (ទ្រព្យសម្បត្តិ) កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០២និង ២៥នាទី ត្រង់ចំណុច បុរីវីអាយភី ស្ថិតនៅភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានឱ្យដឹងថា​ ជនសង្ស័យចំនួន០៤នាក់ដែលឃាត់ខ្លួនបានរួមមាន​ ៖​ ទី០១ឈ្មោះ សាន មីនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី០២ឈ្មោះ អ៊ិន ចាន់ដារ៉ា ហៅ ធូ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី០៣ឈ្មោះ តេង កន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី០៤ ឈ្មោះ ហេង ម៉េងលាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

    ចំណែកវត្ថុតាងចាប់យក៖ ១/ដែកចុងស្រួចសម្រាប់ឆ្កឹះមេសោរចំនួន០២, ១/ទូរស័ព្ទដៃម៉ាកOPPOពណ៌ខៀវចំនួន០១គ្រឿង ៣/ទូរស័ព្ទដៃម៉ាកណូគាចុចពិល ពណ៌ខៀវចំនួន០១គ្រឿង (របស់ឈ្មោះ អ៊ិន ចាន់ដារ៉ា ហៅ ធូ) ៤/កាបូបស្ពាយពណ៌ សូកូឡាចំនួន០១, ៥/ដង្កាប់ចំនួន០១, ៦/កូនកន្ត្រៃចំនួន០១, ៧/ទួណឺវុីសចំនួន០១, ៨/ម៉ូតូកង់បីឥណ្ឌា ពណ៌លឿងពាក់ផ្លាក លេខកំពង់ចាម1V-9098​ចំនួន០១គ្រឿង(របស់ឈ្មោះ ហេង ម៉េងលាង) ៩/ទូរស័ព្ទដៃម៉ាក Huawei ពណ៌ខ្មៅចំនួន០១គ្រឿង (របស់ឈ្មោះ សាន មីនា) ។

    សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា​ ៖ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០២និង២៥នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ពានថ្ម បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចបុរីវីអាយភី ស្ថិតនៅភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានី ភ្នំពេញ ក៏បានឃើញជនសង្ស័យចំនួន០៤នាក់​ ជិះឡំប្រឺតា ពណ៌លឿង ពាក់ផ្លាកលេខកំពង់ចាម 1V-9098 មួយគ្រឿង ឌុបគ្នាចូលក្នុងបុរីវីអាយភីខាងលើ ត្រឡប់ចុះត្រឡប់ឡើង ដោយមានការសង្ស័យសមត្ថកិច្ចក៏បាន ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ ធ្វើការឆែកឆេររកឃើញដែកចុងស្រួចសម្រាប់ឆ្កឹះសោរចំនួន០២ និងសម្ភារៈ ប្រព្រឹត្ត បទល្មើសមួយចំនួន ទើបសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ខាងលេីរួមនិងវត្ថុតាង យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម តាមនីតិវិធី​ ។ 

    ក្រោយពីធ្វើការសាកសួរ​ ជនសង្ស័យទាំង០៤នាក់ខាងលើ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) ពិតជាបានជិះឡំប្រឺតាឌុបគ្នាដើររកធ្វើ សកម្មភាពប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក្នុងបុរីវីអាយភីប្រាកដមែន ហើយកន្លងមកពួកគេ (ជនសង្ស័យ) ក៏ធ្លាប់បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាច្រើនលើកថែមទៀតផងដែរ ។ 

    បន្ទាប់ពីមាន ចម្លើយសារភាព របស់ជនសង្ស័យ និងមានការ សម្របសម្រួលពីលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញក៏បានធ្វេីការកសាងសំណុំរឿង​ ដេីម្បីបញ្ចូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖