ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សខ្មែរតែមួយ គាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី អាណត្តិទី៧នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨

ចែករំលែក៖

ភ្នំពេញ ៖ គណបក្សខ្មែរតែមួយ បានប្រកាសគាំទ្រទាំងស្រុងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងធ្វើជានាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជានៅក្នុងនីតិកាលអាណត្តិទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣- ២០២៨ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនរុងរឿង និងធ្វើឱ្យប្រជាពលរដ្ឋខ្មែរ មានជីវភាពធូរធារ ប្រកបដោយភាតរភាពរវាងខ្មែរ និងខ្មែរ ក្នុងសង្គមសន្តិភាពនាសម័យសម្ដេចពុក។

គណបក្សខ្មែរតែមួយ សូមកោតសរសើរ និងការដឹងគុណដល់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកមគំរូម្នាក់ក្នុងប្រវត្តិសាស្ត្រខ្មែរដែលសម្តេចតេជោ បានយកជីវិតធ្វើជាដើមទុនដើម្បីប្ដូរ យកសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា។ ការប្រកាសលះបង់ តួនាទី និងតំណែងជានាយករដ្ឋមន្ត្រីរបស់ សម្តេចតេជោ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ គឺបានបង្ហាញពីវីរៈភាពដ៏កម្រគំរូមួយសម្រាប់សង្គម ជាតិ និងជាការផ្តល់ឱកាសដល់កូនខ្មែរអ្នកជំនាន់ក្រោយៗ។

គណបក្សខ្មែរតែមួយ ជឿជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រី ថ្មីនៃព្រះរាជាណាចក្រកម្ពុជាដ៏ខ្លីខាងមុខនេះ មានឧត្តមគតិថ្មី របៀបដឹកនាំថ្មីដើម្បីភាពជាម្ចាស់លើមាតុភូមិ កម្ពុជា និងការបង្កើតពុម្ពលទ្ធិប្រជាធិបតេយ្យបែបខ្មែរនិយមមួយ ដើម្បីលុបបំបាត់ចោលនូវវប្បធម៌លទ្ធិប្រជាធិបតេយ្យបរទេសជ្រុលនិយមនៅពីក្រោយខ្នងក្រុមគណបក្សជ្រុលនិយមនៅកម្ពុជា។

គណបក្សខ្មែរតែមួយ បន្តចូលរួមចំណែកថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និង ការអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងស្របតាមរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយ ៖ សហការី


ចែករំលែក៖