ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំក្រុមប្រឹក្សាលើកទី១៥ នៃអង្គការអន្តរជាតិភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថាន នៅសមុទ្រអាស៊ីបូព៌ា (PEMSEA)

ចែករំលែក៖

នៅទីក្រុងហាណយ ៖ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៣ បានបញ្ជាក់អោយដឹងថា ៖ នៅទីក្រុងហាណយ នៃប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ លោក វ៉ាន់ មុនីនាថ អគ្គនាយកគោលនយោបាយនិងយុទ្ធសាស្រ្ត និងជាប្រធានក្រុមប្រឹក្សាអង្គការអន្តរជាតិ PEMSEA បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១៥ របស់អង្គការអន្តរជាតិភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថាន នៅសមុទ្រអាស៊ីបូព៌ា (PEMSEA) ដែលរួមមានសមាសភាពចូលរួមពីរដ្ឋសមាជិក មិនមែនសមាជិក អង្គការដៃគូអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធសរុបចំនួន៥០ នាក់។

កិច្ចប្រជុំនេះបានពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍វឌ្ឍនភាព ផែនការ និងថវិកាឆ្នាំ២០២៣-២០២៤ ផែនការនិរន្តរភាព របស់ PEMSEA និងផែនការតាមដាន និងវាយតម្លៃលើការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ដោយចីរភាពសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២៣-២០២៧ រួមទាំងយល់ព្រមបន្តអាណត្តិជូននាយកប្រតិបត្តិ នៃអង្គការ PEMSEA។

នៅក្នុងឱកាសនោះដែរ លោក វ៉ាន់ មុនីនាថ ក៏បានចូលរួមថ្លែងសន្ទរកថា ខួបទី៣០ របស់អង្គការ PEMSEA និងថ្លែងបិទសិក្ខាសាលាស្តីពីការប្រកួតប្រជែងនវានុវត្តន៍ដើម្បីលុបបំបាត់ការបំពុលប្លាស្ទិក ដែលបានបញ្ជាក់ពីជំហរ និងការប្តេជ្ញាចិត្តកម្ពុជាក្នុងការចូលរួមដោះស្រាយការបំពុលប្លាស្ទិកសកល និងតំបន់៕

ដោយ ៖ សហការី


ចែករំលែក៖