ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់បុគ្គលិកនិងសន្តិសុខ ក្រុមហ៊ុនបាវិត ដាយអឹមិន កាស៊ីណូ ហូថែលខណៈប្រទះឃើញបុរសម្នាក់ស្លាប់នៅអគារ៣០ បន្ទប់១១៥ សង្ស័យគាំងបេះដូង។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣នេះថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ អគារ៣០ បន្ទប់១១៥ អគារស្នាក់នៅរបស់បុគ្គលិកក្រុមហ៊ុន ក្នុងបរិវេណក្រុមហ៊ុនបាវិតដាយអឹមិន កាស៊ីណូ ហូថែល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបន្តថា ជនរងគ្រោះមានឈ្មោះ ឈុំ ចាន់ឌី អាយុ៤១ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិតាក្រិត ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ប្រភពបន្តថា មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពី រដ្ឋបាលក្រុមហ៊ុន បានរាយការណ៍មកសមត្ថកិច្ចថា នៅអគារ៣០ បន្ទប់១១៥ អគារស្នាក់នៅរបស់បុគ្គលិកក្រុមហ៊ុន ក្នុងបរិវេណក្រុមហ៊ុនបាវិតដាយអឹមិន កាស៊ីណូ ហូថែល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានបុគ្គលិកក្រុមហ៊ុនដេកស្លាប់ក្នុងបន្ទប់ ។
ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះ កម្លាំងជំនាញពិនិត្យកន្លែងកើតហេតុ និងកម្លាំងជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងលោកវេជ្ជបណ្ឌិត ភួង សំណាង គ្រូពេទ្យព្យាបាលនៃមន្ទីរពេទ្យបង្អែកជីភូដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យលើសាកសព។
ប្រភពបន្តថាតាម ការសន្និដ្ឋានផ្អែកការពិនិត្យកន្លែងកើតហេតុ និងសាកសព ការស្តាប់ចម្លើយសាក្សីបំភ្លឺ និងលោកវេជ្ជបណ្ឌិត ភួង សំណាង គ្រូពេទ្យព្យាបាលនៃមន្ទីរពេទ្យបង្អែកជីភូ យើងអាចសន្និដ្ឋានបានថា សាកសព ពិតជាស្លាប់ដោយសារគាំងបេះដូង អាចបណ្តាលមកពីអត់មានកំរិតអ៊ុកស៊ីសែននៅក្នុងឈាមទៅចិញ្ចឹមខួរក្បាល។
បច្ចុប្បន្ន សមត្ថកិច្ច បានធ្វើកំណត់ហេតុនិងប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ សុថាន