ព័ត៌មានទាន់ហេតុការណ៍៖

អ្នកដំណើរតាមផ្លូវអាកាសកើនដល់ជាង ២,៤លាននាក់ ជាមួយជើងហោះហើរជាង២ម៉ឺនជើង

ចែករំលែក៖

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ២,៤លាននាក់ ជាមួយនឹងជើងហោះហើរជាង ២ម៉ឺន ៤ពាន់ជើង ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ។ 

ការធ្វើដំណើរតាមផ្លូវអាកាសនៅកម្ពុជាកំពុងបង្ហាញកំណើនដ៏រឹងមាំគួរឱ្យកត់សម្គាល់ក្នុងរយៈពេល៦ខែឆ្នាំ២០២៣នេះ។ ជាក់ស្តែង ចាប់ពីខែមករា ដល់ ខែមិថុនា ឆ្នាំ ២០២៣ ការធ្វើដំណើរតាមផ្លូវអាកាសមានចំនួនជាង ២,៤៨០,០៣២ នាក់ កើនជិត ២៧០% ខណៈជើងហោះហើរមានចំនួន ២៤,៧២៥ ជើង កើនជិត ១៥០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។នេះបើតាមរបាយការណ៍របស់លេខាធិការដ្ឋានអាកាសចរស៊ីវិល។

ទោះបីយ៉ាងណា ចំនួនដឹកជញ្ជូនទំនិញតាមយន្តហោះ មានចំនួនជាង ២៤,៦១៦តោន ធ្លាក់ចុះជាង ១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

របាយការណ៍ដដែល បានឱ្យដឹងថា គិតមកត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៣ ចំនួនជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិទាំង៣ មានចំនួន ៤០៤ ជើងក្នុង១សប្តាហ៍សម្រាប់ជើងហោះហើរឯកទិស ឬស្មើនឹង ៨០៨ ជើងក្នុង១សប្តាហ៍សម្រាប់ទ្វេទិស។

ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានជើង ហោះហើរច្រើនជាងគេគឺ ៦០២ ជើងក្នុង១សប្តាហ៍ តាមពីក្រោយដោយអាកាសយានដ្ឋានអន្តរជាតិសៀមរាម មានចំនួន ១៩៣ជើងក្នុង១សប្តាហ៍ ខណៈអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុមានត្រឹម១៤ជើងក្នុង១សប្តាហ៍ប៉ុណ្ណោះ៕

ដោយ៖ សូរិយា


ចែករំលែក៖