ព័ត៌មានទាន់ហេតុការណ៍៖

ខ្មាន់កាំភ្លើងម្នាក់បានបើករថយន្តម៉ាកFordមកបាញ់ទៅលើបុរសរងគ្រោះម្នាក់ដល់បន្ទប់ជួលជាច្រើនគ្រាប់​ ផ្អេីលអស់អ្នកភូមិ

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់ជាខ្មាន់កាំភ្លើង​ បានយកកាំភ្លេីងមកបាញ់សំដៅទៅលេីបុរសរងគ្រោះម្នាក់ជាច្រេីនគ្រាប់តែមិនត្រូវ​ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ​ និងអាជ្ញាធរមូលដ្ឋាន​ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៨​ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង កែងផ្លូវ៣៧១ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    តាមសម្ដីបុរសជាជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកេីតហេតុ​ បុរសជាខ្មាន់កាំភ្លើងតែងតែខឹងនិងប្រច័ណ្ឌទៅលើខ្លួនជាមួយនិងស្រ្តីម្នាក់ជាប្រពន្ធ​  និងធ្លាប់បានគំរាមទៅលើជនរងគ្រោះផងដែរ​ ។ លុះនៅម៉ោងកើតហេតុ​ ដោយជនរងគ្រោះបានមកឈរលេងនៅនិងមុខបន្ទប់ជួល​ ភ្លាមនោះស្រាប់តែលេចមុខបុរសជាជនដៃដល់ដែលជាខ្មាន់កាំភ្លើងបានបើករថយន្តម៉ាក Ford មួយគ្រឿង​ ពាក់ផ្លាកលេខ ភ្នំពេញ 2BT-8001​ មកចុះពីផ្លូវ៣៧១មកឈប់នៅមុខបន្ទប់ជួលបុរសរងគ្រោះ ហើយក៏បានដកកាំភ្លើងបាញ់សំដៅជាច្រើនគ្រាប់តែសំណាងល្អមិនត្រូវ​ ដោយជនរងគ្រោះបានរត់ចូលទៅក្នុងបន្ទប់ជួលវិញយ៉ាងលឿនបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅជិតខាងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ​ ។ រីឯបុរសជាខ្មាន់កាំភ្លើង​ ក្រោយពីបាញ់រួចបានបើករថយន្តគេចខ្លួនបាត់ស្រមោលតែម្ដង​ ។ 

  ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​កន្លែងកេីតហេតុ​ និងនាំបុរសរងគ្រោះយកទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ចក្រអង្រែលើ​ ដើម្បីសួរនាំ​ និងដាក់ពាក្យបណ្តឹងដើម្បីតាមរកជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖