ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនជ្រុលបុករបាំងថ្មគល់ស្ពានអាកាស៥មករា បាក់មួយកង់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តយ៉ាងលឿនបានរេចង្កូតទៅបុករបាំងថ្មគល់ស្ពានអាកាស៥មករា បាក់មួយកង់សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩ ចំណុចគល់ស្ពានអាកាស៥មករា ខាងជើង ក្នុងសង្កត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុន ពេលកើតហេតុគេឃើញ រថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BA-3550 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ២៨៩ ទិសដៅពីជើងមកត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មគល់ស្ពានអាកាស៥មករា ពេញទំហឹង បណ្តាលឲ្យបាក់មួយកង់ ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខ។ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស ខូចខាតតែរថយន្តបង្ក និងរបាំងថ្មបាក់មួយកង់ និងបង្គោលស្លាកសញ្ញាមួយដើមទៀតតែប៉ុណ្ណោះ។ ចំណែកម្ចាស់រថយន្តបង្ក បានបើកទ្វារចុះគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី១ បានចុះមកដល់រួចក៏ទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកធ្វើកំណត់ហេតុយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖