ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្តនីមួយៗ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប បានបំពេញតួនាទី ភារកិច្ច តាមសកម្មភាព គ.ជ.ប ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្តនីមួយៗ ។ 

សូមបញ្ជាក់ថា : សម្រាប់លទ្ធផលការទទួលបានអាសនៈក្រៅផ្លូវការ ដែលទទួលបានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ ខណៈគណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន៥អាសនៈ ដែលមាននៅរាជធានីភ្នំពេញ ១អាសនៈ, ខេត្តកំពង់ចាម ១អាសនៈ ខេត្តកំពង់ធំ ១អាសនៈ ខេត្តកណ្តាល ១អាសនៈ និងខេត្តព្រៃវែង ១អាសនៈ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា មានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ ៨ ២១៣ ២៦០នាក់ ស្មើនឹង ៨៤.៥៨ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩ ៧១០ ៦៥៥នាក់ (១០០%)។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ចាំផ្ទះ នៃកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ តាមរយៈសារសំឡេង បានមានប្រសាសន៍ថា : ខ្ញុំចាកចេញជាមួយ និងការដឹកនាំគណបក្សនយោបាយកាន់អំណាច  គឺគណបក្សប្រជាជនកម្ពុជា ក្នុងអត្រាសន្លឹកឆ្នោតគាំទ្រ ៨២% ដែលជាសន្លឹកឆ្នោតខ្ពស់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ របស់គណបក្សប្រជាជនកម្ពុជា ដែលត្រឹមទទួលបាន នូវ ៧៥ ឬ៧៤%នៅពេលបោះឆ្នោត ថ្នាក់ឃុំ សង្កាត់ នៅឆ្នាំ២០២២ កន្លង ទៅ។ 

សម្តេចសូមអរគុណចំពោះការគាំទ្រទាំងឡាយ ដែលបងប្អូនបានធ្វើ ចំពោះការសម្រេចចិត្តរបស់សម្ដេច ហើយចាត់ទុកថានេះគឺជាដំណើរការរួម របស់ជាតិ ដែលចាំបាច់ត្រូវតែប្រគល់ឲ្យយុវជនជំនាន់ក្រោយ គេអាចនឹងធ្វើកិច្ចការរបស់គេ បានប្រសើរជាង ។ សម្ដេចបានលើកឡើងថា, ខ្ញុំក៏ក្តាប់បាននូវកង្វល់ របស់បងប្អូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នៅតាមស្ថាប័ននានា ទាក់ទិននិងមុខនាទីរបស់ខ្លួន នៅពេលខាងមុខ ដែលនឹងត្រូវយ៉ាងម៉េច ! ប៉ុន្តែសម្ដេចនៅតែរក្សាតួនាទីនិងតំណែងរបស់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ  អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ ទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សារបស់ក្រសួងតាមស្ថាប័នរដ្ឋ លើកលែងតែ រដ្ឋលេខាធិការ និងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ត្រូវទទួលយកតំណែងតែមួយគត់ ជ្រើសរើសយកមួយណាទុកមួយណា។ លើកលែងតែអង្គភាពធំពីរ គឺអគ្គនាយកពន្ធដារ និងអគ្គនាយកគយ នៅតែជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដដែល ៕

ដោយ ៖ សិលា


ចែករំលែក៖