ព័ត៌មានទាន់ហេតុការណ៍៖

អត់ដឹងថាបានមកពីណា! ផ្អើលអស់អ្នកភូមិពេលឃើញដើរកាន់កាំភ្លើង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំង​នគរបាលស្រុកវាលវែង​ បានចុះទៅចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីប្រើប្រាស់អាវុធខុសច្បាប់បង្កភាពភ័យខ្លាច អសន្តិសុខ ក្នុងមូលដ្ឋាន​។​ នេះបើ​យោង​តាម​ការបញ្ជាក់​ពី​លោកវរសេនីយ៍ឯក ធាង ឡេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង​ បានឱ្យដឹង​នៅថ្ងៃទី២​ ខែសីហា​ ឆ្នាំ​២០២៣។ 

 លោកវរសេនីយ៍ឯក ធាង ឡេង បានបញ្ជាក់ឱ្យដឹងថា ៖ ក្រោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយ បានទទួលព័ត៌មានពីលោក ឌិន ឌឿន ជាមេភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ថាមានការប្រើប្រាស់អាវុធខុសច្បាប់ នៅចំណុចម៉ុងរី ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅវេលាម៉ោងខាងលើ ។ 

ភ្លាមនោះ​កម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំតាមលំដាប់ថ្នាក់ និងបានចេញប្រតិបត្តិការបង្ក្រាបករណីខាងលើ នៅវេលាម៉ោង១៣ និង០២នាទីរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ដើម្បីធានាបានសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ។ 

នៅពេលកម្លាំងនគរបាលស្រុក ចុះទៅដល់កន្លែងទីតាំងកើតហេតុខាងលើ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ តាំង ជី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ និងបានចាប់យក អាវុធមួយដើម ម៉ាកAK47ស្វាយបត់ មានលេខ28661 គ្រាប់ចំនួន ០៦គ្រាប់ និងបង់វែងចំនួន០១ ។

លោកអធិការ បានបន្តថា ៖ ដោយមានការសម្របសម្រួលផ្នែកច្បាប់ពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការរដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធី និងបញ្ជូនទៅជំនាញខេត្តចាត់ការបន្ត៕

ដោយ​៖អរុណរះ


ចែករំលែក៖