ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរស ២នាក់ ពូក្មួយ ដេកស្លាប់ក្នុងអណ្ដូងដែលខ្លួនកំពុងជីក ព្រោះខ្វះខ្យល់អុកស៊ីសែនដកដង្ហើម

ចែករំលែក៖

ខេត្តព្រៃវែង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ មានករណី​បុរស ២នាក់ពូក្មួយ បានស៊ីឈ្នួលជីកអណ្ដូងទឹកឱ្យគេ ដើម្បីបូមទឹកដាក់ស្រែ តាំងពីរសៀលរហូតដល់យប់មិនឃើញមកផ្ទះ លុះអ្នកផ្ទះមកតាមរក ស្រាប់តែប្រទះឃើញដេកស្លាប់ក្នុងអណ្ដូងទឹកទាំង ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស៊ីធរកណ្ដាល ចុះអន្តរាគមន៍ធ្វើកោសល្យវិច្ច័យពិនិត្យសាកសពរួចប្រគល់ឱ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

ករណីនេះបានកើតឡើងវេលាម៉ោងប្រហែល ១៨ ល្ងាច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចវាលស្រែខាងលិចភូមិស្គាក្តី ចម្ងាយ ១.៧០០ម៉ែត្រ ពីផ្ទះអ្នកភូមិ ស្ថិតក្នុងភូមិស្គាក្តី ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។ សពជនរងគ្រោះទាំង ២នាក់ពូក្មួយខាងលើ ទី១ ឈ្មោះ ជ្រឿន ដេន ភេទប្រុស អាយុ ៤៣ឆ្នាំ, ទី២ ឈ្មោះ ធន់ សារ៉េន ភេទប្រុស អាយុ ៥៤ឆ្នាំ សពទាំង ២ មានទីលំនៅ នៅភូមិ-ឃុំកើតហេតុខាងលើ ។

តាមការបំភ្លឺរបស់ប្រពន្ធសពទាំង ២នាក់ បានឱ្យនគបាលដឹងថា សពរងគ្រោះទាំង ២ នាក់ (ពូក្មួយ) បានទៅជីកអណ្តូងឱ្យឈ្មោះ អ៊ន អ៊ាប នៅវាលស្រែខាងលិចភូមិ តាំងពីម៉ោងប្រហែល ៣ រសៀល រហូតដល់ម៉ោងប្រហែល ៩ យប់មិនឃើញត្រឡប់មកផ្ទះវិញ ក៏ប្រើកូន និងក្មួយៗ ទៅតាម ពេលទៅដល់កន្លែងជីកអណ្ដូង ក៏ឃើញជនរងគ្រោះទាំង ២ នាក់ ដេកស្លាប់ក្នុងអណ្តូងបាត់ទៅហើយ ។

ក្រោយទទួលបានដំណឹងនេះ មន្ត្រីនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្ដាល សហការជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរ បានចុះដល់ទីតាំងខាងលើ ដើម្បីពិនិត្យធ្វើកោសល្យវិច្ច័យកន្លែងកើតហេតុ និងសពជនរងគ្រោះទាំង ២នាក់ ។ ជាលទ្ធផល ពេលទៅដល់ទីតាំងកើតហេតុ សពត្រូវបានក្រុមគ្រួសារ និងប្រជាពលរដ្ឋក្បែរនោះ សែងយកទៅផ្ទះរៀងៗខ្លួនបាត់ទៅហើយ ។ នគរបាលជំនាញ ពិនិត្យឃើញនៅកន្លែងកើតហេតុ មានអណ្ដូងទឹក ១ រាងរង្វង់ សម្រាប់បូមទឹកដាក់ស្រែ មានទំហំមុខកាត់ (អង្កត់ផ្ចិត) ១,២ ម៉ែត្រ និងមានជម្រៅ ៦,៥ ម៉ែត្រ រួមនិងម៉ាស៊ីនបូមទឹកចំនួន ១គ្រឿង នៅមាត់អណ្តូង ។ ដោយឡែកចំពោះលទ្ធផលពិនិត្យសាកសពបង្ហាញថា សាកសពរងគ្រោះទាំង ២ នាក់ ខាងលើ ពិតជាបានស្លាប់ដោយសារខ្វះខ្យល់អុកស៊ីសែន (ស្លាប់ដោយខ្លួនឯង) ពិតប្រាកដមែន ដោយមិនមានស្លាកស្នាម ឬរបួសអ្វីគួរឱ្យកត់សម្គាល់ហើយ ។

បច្ចុប្បន្ន សពជនរងគ្រោះទាំង ២នាក់ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ សហការី​


ចែករំលែក៖