ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងសង្ស័យអ្នកបើកបរងងុយដេករេចង្កូតទៅបុករថយន្ត០១គ្រឿងទៀតស្លាប់០១នាក់ របួសធ្ងន់ស្រាល០២នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ​បុរសម្នាក់បានស្លាប់និង០២នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នានៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ លើកំណាត់ផ្លូវជាតិលេខ៥ នៅចន្លោះ បង្គោលគីឡូម៉ែត្រលេខ៣៧៩-៣៨០ ចំណុចខាងកើតវត្តចាន់ស៊ីចម្ងាយប្រហែល៥០០ម៉ែត្រ ស្ថិតក្នុងភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ  ។

លោក អុឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅបានឱ្យដឹងថា៖ មុនដំបូងមានរថយន្តមួយគ្រឿងម៉ាកកាមរី ផលិតឆ្នាំ1995 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ សៀមរាប 2A-3409 បើកបរដោយ ឈ្មោះ ណាក់ ភេទប្រុស អាយុ៤០ឆ្នាំរស់នៅភូមិប្រជាធម្ម សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុក រថយន្តមួយគ្រឿងទៀតម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AB-1836 បើកបរដោយឈ្មោះ ចៅ វុទ្ធី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅ ភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើត ។

លោកអធិការបានបញ្ជាក់ថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឱ្យអ្នកបើកបររថយន្តកាមរីស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើករថយន្តហាយឡេនឌ័ររបួសស្រាលនិងអ្នករួមដំណើរ០១នាក់របួសធ្ងន់បាក់ដៃឆ្វេង ។ចំពោះមូលហេតុបង្កឱ្យមានគ្រោះថ្នាក់នេះ សង្ស័យអ្នកបើករថយន្តម៉ាកកាមរីងងុយដេកបណ្តាលឱ្យរថយន្តរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យអ្នកបើកបររងរបួស ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្តទាំង០២គ្រឿងខូចខាតធ្ងន់(ផ្នែកខាងមុខ) និងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖