ព័ត៌មានទាន់ហេតុការណ៍៖

លោកសាយ សំអាល់ ៖ ប្រជាជនបានយល់យ៉ាងច្បាស់ពីដំណើររបស់កម្ពុជា តាមរយៈចំនួនអ្នកដែលទៅបោះឆ្នោតដ៏ច្រើនលើសលុប និងបង្ហាញថាប្រជាជនកម្ពុជាពិតជាចង់បាននូវសន្តិភាព

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ លោកសាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ប្រជាជនបានយល់យ៉ាងច្បាស់ពីដំណើររបស់កម្ពុជា តាមរយៈចំនួនអ្នកដែលទៅបោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដ៏ច្រើនលើសលុប ហើយចំនួនអ្នកទៅបោះឆ្នោតជាង ៨០ភាគរយនេះ គឺបានបង្ហាញថាប្រជាជនកម្ពុជាពិតជាចង់បាននូវសន្តិភាព ។

នេះជាប្រសាសន៍លើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ របស់ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ។

លោក សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ថ្នាក់ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ត គោលនយោបាយយ៉ាងច្បាស់លាស់ និងមានចក្ខុវិស័យវែងឆ្ងាយក្នុងការដឹកនាំ និងកសាងសង្គមកម្ពុជាឲ្យកាន់តែឆ្ពោះទៅមុខ ហើយការបណ្តុះវប្បធម៌សន្តិភាពគឺបានចាក់ឬស ចូលក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋ នាំឲ្យមានការជឿជាក់និងផ្តល់ទំនុកចិត្តយ៉ាងខ្លាំង ឲ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំកម្ពុជារីកចម្រើនបន្ថែមលើគ្រប់វិស័យ ។ 

ដោយឡែកចក្ខុវិស័យបន្តទៅមុខទៀតក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ និងផ្តល់ភាពងាយស្រួលដល់ប្រជាជន គឺធ្វើយ៉ាងណាប្រែក្លាយផ្លូវទាំងអស់ជាបេតុង ដល់គ្រប់កន្លែងដែលមានប្រជាជនរស់នៅ ព្រោះថាផ្លូវគឺជាសរសៃឈាម ខណះគ្រប់វិស័យផ្សេងៗទៀតក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ។

លោកប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ ក៏បានក្រើនរំលឹកដល់មន្រ្តីគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋានខេត្ត ពង្រឹងបន្ថែមទៀតក្នុងការបម្រើសេវាសាធារណៈគ្រប់ប្រភេទឲ្យបានលឿននិងឆាប់រហ័សជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតឲ្យសាកសមបំផុត ដែលគាត់មានជំនឿជាក់មកលើថ្នាក់ដឹកនាំរបសគណបក្សប្រជាជនកម្ពុជា ។ ការកសាងលើឃឿនសេដ្ឋកិច្ច លើវិស័យកសិកម្ម ឧស្សាហ៍កម្ម ត្រូវគិតលើសេវាសារធារណៈ បានលឿន និងទាន់ចិត្ត ហើយជួយពង្រឹងជីវភាពរបស់ប្រជាជន តាមរយៈកសិកម្មលក្ខណៈគ្រួសារ និងរៀបចំប្រព័ន្ឋ ស្បឿង សុវត្តិភាព និងរក្សាសន្តិសុខសុវត្ថិភាពនៅតាមមូលដ្ឋាន បញ្ហាគ្រឿង ញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវបន្តបង្ក្រាបឲ្យខានតែបាន ព្រោះថាភាពអសកម្មទាំងនេះហើយដែលនាំ ផលវិបាកដល់ប្រជាជនកម្ពុជា និងបង្អាក់ដំណើរទៅមុខកម្ពុជា ។

ជាមួយគ្នានេះលោមសាយ សំអាល់ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ធនធាន ស្មារតី ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្ស និងបម្រើផល ប្រយោជន៍ប្រជាជនកម្ពុជា ពិសេសអាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្ត ដែលបានរួមសហការគ្នាធ្វើឲ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ បានទៅដោយរលូននិងទទួលបានជោគជ័យ ៕

ដោយ៖ សូរិយា


ចែករំលែក៖