ខេត្តប៉ៃលិន ៖ យោងតាមប្រភពពីនគរបាលជំនាញចរាចរណ៍ស្រុកសាលាក្រៅបានឱ្យដឹងថា នៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០១ករណី (រវាងត្រាក់ទ័រនឹងរថយន្ត)បើកបរច្រាសទិសគ្នា បណ្ដាលឱ្យមនុស្សរងរបួសចំនួន០៣ នាក់ ស្រាល ០២នាក់ ធ្ងន់០១នាក់ និងខូចខាតរថយន្តចំនួន០១គ្រឿងកម្រិតធ្ងន់ចំណែកត្រាក់ទ័រខូចខាតកម្រិតស្រាល នៅចំណុចភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្តកិច្ចជំនាញចរាចរណ៍នៃអធិការដ្ឋានស្រុកសាលាក្រៅបានបន្តថា ភាគីទី១ ឈ្មោះ នៅ ថុក ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរអ្នករត់តាក់សុី បើកបររថយន្តម៉ាកកាមរី ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2K-864០(រងរបួសចំទ្រូងធ្ងន់បញ្ជួនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនរួចក៏បន្តបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង)។
អ្នករួមដំណើរទី១ ឈ្មោះ បង សុីណា ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសស្រាលចំទ្រូង)។
អ្នករួមដំណើរទី២ឈ្មោះ ទឹម ស្រីដា ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (របួសក្បាលដេរចំនួន០៤ថ្នេរ)។
អ្នកបើកត្រាក់ទ័របង្កហេតុឈ្មោះ វែង វណ្ណឌី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិបឹងព្រលឹង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសស្រាល)ជាអ្នកបើកត្រាក់ទ័រ ក្រោយពេលកើតហេតុបានគេចខ្លួនបាត់។
សមត្តកិច្ចបានបន្តទៀតថា÷ ចំពោះមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះគឺដោយកត្តាមនុស្សបើកបរបត់ខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឱ្យទៅបុករថយន្តពេញទំហឹង។
ករណីនេះក្រោយពីកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីឱ្យគ្រូពេទ្យផ្នែកជំនាញពិនិត្យ , អ្នកបើកបររថយន្តតាក់ស៉ីរងរបួសធ្ងន់ធ្ងរពេកក៏បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបងបន្ត។
ចំណែកវត្ថុតាង រថយន្តនិងត្រាក់ទ័រខាងលើត្រូវបានកម្លាំងជំនាញចរាចរណ៍ស្រុកសាលាក្រៅធ្វើការវាស់វែងនិងយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕
ដោយ៖ស សារ៉េត