ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីនិងអ៊ុយក្រែនចោទប្រកាន់គ្នាទៅវិញទៅមកស្តីពីការវាយប្រហារនៅពេលយប់

ចែករំលែក៖

នៅថ្ងៃទី៦ខែសីហា អ៊ុយក្រែនបានប្រកាសថា រុស្ស៊ីបានបើកការវាយប្រហារទៅលើទីតាំងជាច្រើននៅពេលយប់ ដោយប្រើប្រាស់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើក។ ជាមួយគ្នានោះរុស្ស៊ីក៏បានចោទប្រកាន់អ៊ុយក្រែនអំពី ការវាយប្រហារនៅពេលយប់ផងដែរ។
ព័ត៌មាន AFP នៅថ្ងៃអាទិត្យទី៦ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថាជាមួយគ្នានេះដែរ កងកម្លាំងទ័ពអាកាសអ៊ុយក្រែននៅថ្ងៃអាទិត្យនេះបានអះអាងពីការបាញ់ទម្លាក់មីស៊ីលគ្រូស៣០គ្រាប់ក្នុងចំណោម ៤០គ្រាប់ ព្រមទាំងបាញ់ទម្លាក់យន្ដហោះដ្រូន Shahed ទាំងអស់ ដែលរុស្ស៉ីបានប្រើប្រាស់ក្នុងការវាយប្រហារតាមផ្លូវអាកាសកាលពីយប់ថ្ងៃសៅរ៍។
កងកម្លាំងទ័ពអាកាសអ៊ុយក្រែន បានគូសបញ្ជាក់នៅលើបណ្ដាញ Telegram ដូច្នេះថា «មីស៊ីលគ្រូស ៣០គ្រាប់ និងយន្ដហោះដ្រូន ២៧គ្រឿងត្រូវបានបាញ់កម្ទេច … ហើយរុស្ស៉ីបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងឈ្មោះ Kinzhal ចំនួន៣គ្រាប់ផងដែរ»។ ប៉ុន្តែមិនមានការបញ្ជាក់ថា តើមីស៊ីលល្បឿនលឿងជាងសំឡេងទាំងនេះត្រូវបានបាញ់ទម្លាក់ដែរឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែយោធាអ៊ុយក្រែនឱ្យដឹងថាគិតជាសរុបរុស្ស៉ីបានប្រើប្រាស់អាវុធចំនួន ៧០ ក្នុងការវាយប្រហារតាមផ្លូវអាកាស នៅចន្លោះពីយប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ។
បើតាមយោធាអ៊ុយក្រែន តំបន់ខ្មែលនីតស្គី (Khmelnytskyi) ដែលស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រពីតំបន់សមរភូមិ ក៏ស្ថិតនៅក្នុងចំណោមគោលដៅ វាយប្រហាររបស់រុស្ស៉ីផងដែរ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖