ព័ត៌មានទាន់ហេតុការណ៍៖

បើកត្រាក់ទ័រមិនប្រុងប្រយ័ត្នបត់ឆ្លងផ្លូវទៅបុករថយន្តតាក់ស៉ីពេញទំហឹងរងរបួសធ្ងន់និងស្រាល៣នាក់ អ្នកបើកត្រាក់ទ័រគេចខ្លួនបាត់

ចែករំលែក៖

    ខេត្តប៉ៃលិន ៖ យោងតាមប្រភពពីនគរបាលជំនាញចរាចរណ៍ស្រុកសាលាក្រៅបានឱ្យដឹងថា នៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន​០១ករណី (រវាងត្រាក់ទ័រ​នឹងរថយន្ត)បើកបរច្រាសទិសគ្នា បណ្ដាលឱ្យមនុស្សរងរបួសចំនួន០៣ នាក់ ស្រាល ០២នាក់ ធ្ងន់០១នាក់ និងខូចខាតរថយន្តចំនួន០១គ្រឿងកម្រិតធ្ងន់ចំណែកត្រាក់ទ័រខូចខាតកម្រិតស្រាល នៅចំណុចភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។  

    សមត្តកិច្ចជំនាញចរាចរណ៍នៃអធិការដ្ឋានស្រុកសាលាក្រៅបានបន្តថា  ភាគីទី១ ឈ្មោះ នៅ ថុក ភេទប្រុស អាយុ ២៨ឆ្នាំ​ មុខរបរអ្នករត់តាក់សុី បើកបររថយន្តម៉ាកកាមរី ពណ៌ស្ករ ពាក់ស្លាកលេខ​ ភ្នំ​ពេញ​ 2K-864០(រងរបួសចំទ្រូងធ្ងន់បញ្ជួនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនរួចក៏បន្តបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង)។ 

​អ្នករួមដំណើរទី១​ ឈ្មោះ​ បង សុីណា ភេទស្រី អាយុ៤២ឆ្នាំ​ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​ (រងរបួសស្រាលចំទ្រូង)។ 

អ្នករួមដំណើរទី២ឈ្មោះ​ ទឹម ស្រីដា ភេទស្រី អាយុ៥៤ឆ្នាំ​ រស់​នៅ​ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (របួសក្បាលដេរចំនួន​០៤ថ្នេរ)។ 

    អ្នកបើកត្រាក់ទ័របង្កហេតុឈ្មោះ វែង វណ្ណឌី ភេទប្រុស អាយុ៣០ឆ្នាំ​ មុខរបរកសិករ​  រស់នៅភូមិបឹងព្រលឹង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​ (រងរបួសស្រាល)ជាអ្នកបើកត្រាក់ទ័រ ក្រោយពេលកើតហេតុបានគេចខ្លួនបាត់។

 សមត្តកិច្ចបានបន្តទៀតថា÷ ចំពោះមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះគឺដោយកត្តាមនុស្សបើកបរបត់ខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឱ្យទៅបុករថយន្តពេញទំហឹង។

    ករណីនេះក្រោយពីកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីឱ្យគ្រូពេទ្យផ្នែកជំនាញពិនិត្យ , អ្នកបើកបររថយន្តតាក់ស៉ីរងរបួសធ្ងន់ធ្ងរពេកក៏បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបងបន្ត។

ចំណែកវត្ថុតាង រថយន្តនិងត្រាក់ទ័រខាងលើត្រូវបានកម្លាំងជំនាញចរាចរណ៍ស្រុកសាលាក្រៅធ្វើការវាស់វែងនិងយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

ដោយ៖ស សារ៉េត


ចែករំលែក៖