ព័ត៌មានទាន់ហេតុការណ៍៖

ឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនត្រូវបានកម្លាំងចម្រុះបង្រ្កាបនិងដុតបំផ្លាញជាបន្តបន្ទាប់

ចែករំលែក៖

ខេត្តក្រចេះ ៖ ឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនត្រូវបានកម្លាំងចម្រុះចុះត្រួតពិនិត្យនិងបង្ក្រាបប្រមូលយកមកដុតបំផ្លាញចោលប៉ុន្មានថ្ងៃនេះជាបន្តបន្ទាប់ ហើយនៅថ្ងៃទី០៧ខែសីហាឆ្នាំ២០២៣នេះដែរក្រុមការងាររបស់ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះបានសហការគ្នាចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅក្រៅតំបន់គ្រប់គ្រង ការពារសត្វផ្សោត និងជីវចម្រុះជលផល ទន្លេមេគង្គត្រង់ចំណុចបឹងកូនសត្វ ស្រែអាង ស្រែផល និងជ្រោយវែង ស្ថិតក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

ក្នុងការចុះបង្ក្រាបនោះកម្លាំងចម្រុះបានធ្វើការរុះរើនិងបំផ្លាញចោលឧបករណ៍ល្មើសច្បាប់រួមមាន៖ របាំងស្បៃមុងចំនួន១៥ខ្សែ ប្រវែង៨៦០មែត្រ, លូស្បៃមុងចំនួន១៥មាត់លូ, បង្គោលចម្រឹងឫស្សី ១៨០ដើម, ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិប្រមាណ៦០គីឡូក្រាមផងដែរ។

ក្នុងប្រតិបត្តិការបង្ក្រាបនោះផ្នែករដ្ឋបាលជលផលព្រែកប្រសព្វបានសហការជាមួយគណៈបញ្ជាការឯកភាពស្រុកឆ្លូងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុក កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ក្រុមប្រឹក្សាឃុំ ប្រជាការពារ និងសហគមន៍នេសាទឃុំព្រែកសាម៉ាន់ សរុបចំនួន១០នាក់។ ក្នុងនោះមានតំណាងគណៈបញ្ជាការឯកភាពស្រុក០១រូប មានផ្នែកជលផល០១រូប កងរាជអាវុធហត្ថ០១រូប នគរបាល០៣រូប ក្រុមប្រឹក្សាឃុំ០១រូបប្រជាការពារ០១រូប និងសហគមន៍នេសាទ០២រូបទៀតបានប្រើប្រាស់ទូកម៉ាសុីនចំនួន០៣គ្រឿង ។

ឯវត្ថុតាងដែលបង្ក្រាបនិងរឹបអូសបានទាំងអស់ត្រូវក្រុមចម្រុះដុតបំផ្លាញចោលនៅលើទីទួលក្បែរកន្លែងចាប់រឹបអូសអស់ទៅហើយដែរ។

ចំណែកក្នុងតំបន់គ្រប់គ្រង ការពារសត្វផ្សោត និងជីវចម្រុះជលផលទន្លេមេគង្គ: ឆ្មាំទន្លេសហការជាមួយសហគមន៍នេសាទ ប្រើប្រាស់ទូកម៉ាសុីនចំនួន០៣គ្រឿង អ្នកចូលរួមចំនួន០៩នាក់ឆ្មាំ០៧នាក់ សហគមន៍នេសាទ០២នាក់ចុះល្បាតត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅតំបន់សត្វផ្សោតកាំពីនោះនិងតំបន់ទ្រនាប់ដោយពុំជួបប្រទះបទល្មើសនេសាទឡើយ៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖