ភ្នំពេញ ៖ សរុបជារួម មកដល់ពេលនេះ សមត្ថកិច្ចនាំខ្លួនមនុស្សចំនួន ១៤នាក់ ដែលពាក់ព័ន្ធ ! ទីមួយគឺម្ចាស់ ដីឡូតិ៍ ពិភពដីមាស ,ទីពីអង្គរក្សចំនួន ១៣ រូប ដែលបានរារាំង និងបង្កហិង្សាលើសមត្ថកិច្ច ពេលចុះអនុវត្តដីកា។ ឥឡូវកំពុងនាំពួកគេ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរតាមនីតិវិធី ។ នេះជាការបញ្ជាក់ ពីលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ អគ្គស្នងការរងនគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី ៧ខែសីហា ឆ្នាំ២០២៣ ។
លោកឧត្តមសេនីយ៍ត្រី បានបន្តថា, ពាក់ព័ន្ធទៅនឹងម្ចាស់ក្រុមហ៊ុន គឺសមត្ថកិច្ចបានអនុវត្តតាមដីកា បញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ រីឯអង្គរក្ស ១៣នាក់ ទាក់ទងទៅនឹងបញ្ហារារាំង និងបង្កហិង្សាមកលើសមត្ថកិច្ច។
សូមបញ្ជាក់ថា : សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឡោមព័ទ្ធ ឃាត់ខ្លួនអ្នកឧកញ៉ា ហ៉ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស និង អង្គរក្ស ១៣ នាក់ ។ ការចុះអនុវត្តដីកានេះ មានប្រជាពលរដ្ឋរងគ្រោះជាច្រើន បានមើល និងគាំទ្រចំណាត់ការ របស់សមត្ថកិច្ច។
សូមជម្រាបជូនថា, ថៅកែក្រុមហ៊ុនពិភពដីមាស ! អ្នកឧកញ៉ា ហ៉ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស និង អង្គរក្ស ១៣ នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋរងគ្រោះរាប់រយនាក់ ករណីរកស៊ីបោកប្រាស់ វិនិយោគដីខ្យល់ ដោយអនុវត្តតាមដីកា។
ប្រភពច្បាស់ការពីសមត្ថកិច្ចបានបង្ហេីបអោយដឹងថា នៅរសៀលថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៣ នេះ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួន អ្នកឧកញ៉ា ហ៉ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស ។ ចំពោះ អង្គរក្ស ១៣ នាក់របស់ អ្នកឧកញ៉ា ក៏ត្រូវបានឃាត់ខ្លួនផងដែរដោយសារតែអង្គរក្សទាំងនេះ ប្រឆាំងរារាំងសមត្ថកិច្ច ពេលចុះអនុវត្តន៍ដីកា ។
ប្រភពបានបន្ថែមថា ការឃាត់ខ្លូនបានធ្វើឡេីងតាមដីការបស់ តុលាការ ពីបទឆបោកប្រជាពលរដ្ឋច្រើនរយគ្រួសារពាក់ព័ន្ធគម្រោងវិនិយោគដីឡូត៍ ។ ប្រភពបានអោយដឹងទៀតថា សមត្ថកិច្ចកំពុងតាមចាប់ខ្លួន បុគ្គលពាក់ព័ន្ធជាច្រើនទៀតក្នុងក្រុមហ៊ុនពិភពដីមាស ដែលពាក់ព័ន្ធសកម្មភាពឆបោកប្រជាជន ។
ប្រជាពលរដ្ឋរងគ្រោះ នៅកន្លែងកើតហេតុ រាប់រយនាក់ បានបញ្ជាក់ថា, ពេលសមត្ថកិច្ចចុះអនុវត្ត ដីកា អង្គរក្សរបស់ អ្នកឧកញ៉ា ហ៉ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស បានរារាំងសមត្ថកិច្ច ឈានដល់តដៃ ទើបសមត្ថកិច្ច ទោះអាវុធចំនួនពីរគ្រាប់ ជាការគំរាម ដើម្បីកុំឲ្យមានអំពើហឹង្សាមួយណាកើតឡើង។
សូមបញ្ជាក់ថា , បន្ទាប់ពីមានការ ប្រទូសរ៉ាយ និងផ្ទុះអាវុធ នៅមុខស្នាក់ការ ក្រុមហ៊ុនពិភពដីមាស ស្ថិតនៅភូមិ ត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ .. គិតត្រឹមម៉ោង ៤:៣០ នាទីល្ងាច ថ្ងៃទី ០៧ សីហា ២០២៣ សមត្ថកិច្ច បានឡោមព័ទ្ធ ឃាត់ខ្លួនបានថៅកែម្នាក់ នៃក្រុមហ៊ុន ពិភពដីមាស និងអង្គរក្ស ជាច្រើននាក់ បញ្ជូនទៅស្នងការ ដើម្បីចាត់ការ តាមនីតិវិធី ។
ប្រជាពលរដ្ឋ ជាជនរងគ្រោះ គាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ច និងតុលាការ សង្ឃឹមថាពួកគាត់ទទួលបានយុត្តិធម៌ ។
គិតមក ត្រឹមល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួន អ្នកឧកញ៉ាបោកប្រាស់ប្រជាពលរដ្ឋ និងអង្គរក្សចំនួន ១៣ រូប ដែលបានរារាំង និងបង្ករហិង្សាមកលើសមត្ថកិច្ច , សរុបសមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន ១៤ នាក់។
ចំពោះព័ត៌មានលំអិត អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នឹងបន្តផ្សព្វផ្សាយ ជូនប្រិយមិត្តនៅពេលក្រោយ ៕
ដោយ ៖ សហការី