ព័ត៌មានទាន់ហេតុការណ៍៖

ស៊យអីក៏ស៊យយ៉ាងនេះ! ចេញធ្វើសកម្មភាពឆក់​ទ្រព្យសម្បត្តិ​ពលរដ្ឋ​តាមដងផ្លូវ​ ភ្លេចមើលម៉ូតូអស់សាំង មានអីជាប់ខ្នោះដៃទាំង២នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្តីជំនាញ​ នៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀង បានឱ្យដឹងនៅព្រឹកថ្ងៃទី០៩​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ ជនសង្ស័យចំនួន០២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់នារីម្នាក់មិនបានសម្រេច​ គាប់​ជួន​ភ្លេចមើលម៉ូតូអស់សាំង មានអីត្រូវកម្លាំងជំនាញតាមក្របួចជាប់ដាក់ខ្នោះដៃទាំង២នាក់​ រួចបញ្ជូនទៅយកសាកសួរ​តាមនីតិវិធីច្បាប់​។ 

មន្រ្តីដដែលបន្តថា​ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជុំ ស្តីទី​ បានរាយការណ៍ថា​ មានករណីជនមិនស្គាល់មុខចំនួន ០២នាក់ ដោយប្រើមធ្យោបាយម៉ូតូ០១គ្រឿងម៉ាកឌ្រីម សេ125 គ្មានស្លាកលេខ គ្មានអាវ(ម៉ូតូឆ្អឹង )បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃ០១គ្រឿង មិនបានសម្រេច ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ឡាប សុភី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្តៀង កាលពីថ្ងៃទី​០៨​ ខែសីហា​ម្សិលមិញនេះ​ នៅចំណុចគល់ស្ពានបេតុង ស្ថិតនៅភូមិដងរុង ឃុំកោះជុំ​ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ក្រោយទទួលបានសេចក្តីរាយការណ៍សមត្ថកិច្ច បានចុះសហការដល់កន្លែងកេីតហេតុ​ នឹងបានទទួលព័ត៌មានបន្ថែមទៀតថា ក្រោយពីក្រុមជនសង្ស័យធ្វេីសកម្មភាពឆក់មិនបានសម្រេចរួចមក ម៉ូតូក្រុមជនស្ស័យអស់សាំង ហេីយបានចូលចាក់សាំងនៅតូបលក់ដូរមួយកន្លែង ស្ថិតនៅខាងកេីតកន្លែងកេីតហេតុ ហេីយក្រុមជនសង្ស័យគ្មានលុយចាក់សាំង ក៏បានដាក់មួកសុវត្ថិភាពបញ្ចាំជាមួយអ្នកលក់ដូរនៅទីនោះ។ ខណៈនោះសមត្ថកិច្ចបានដាក់ភ្នាក់ងារដេីម្បីជួយឃ្លាំពិនិត្យមេីល ក្រោយមកក៏មានក្រុមជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ០១គ្រឿងមកយកមួកសុវត្ថិភាពពីម្ចាស់តូប ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនមកសាកសួរ ជនសង្ស័យទាំង០២នាក់៖១-ឈ្មោះ វី សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។២-ឈ្មោះ ងួន លីហុង(ឡាង លីហុង)ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ រស់នៅភូមិពោរកំបោរ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានធ្វេីតេស្តទឹកនោមរកសារធាតុ ញៀនជាលទ្ធផលវិជ្ជមាន(+)មានសារធាតុញៀនក្នុងទឹកនោម ប្រេីប្រាស់ដោយបំពាននូវសារធាតុ ញៀនខុសច្បាប់។

 ចំពោះវត្ថុតាងរួមមាន៖ មួកសុវត្ថិភាពចំនួន០២ ក្នុងនោះពណ៌ខ្មៅចំនួន០១នឹងពណ៌សចំនួន០១។ ម៉ូតូចំនួន០១គ្រឿងម៉ាកDream C125 ស៊េរី2020 ពណ៌ខ្មៅ ពាក់ស្លាកលេខប-មាន ជ័យ1V-4659។ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកiPhon7ពណ៌ស។

បច្ចុប្បន្នជនសង្ស័យ​ នឹងវត្ថុតាងខាងលេី ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តៀង ដេីម្បីបន្តនីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖