ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកបាធាយឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីយកដុំថ្មគប់កញ្ចក់រថយន្តគេព្រោះខឹងទារថ្លៃសំណងគ្រោះថ្នាក់ចរាចរណ៍ច្រើនពេក

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកបាធាយឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្តគេបែករួចមក។

    យោងតាមពាក្យបណ្តឹងរបស់ឈ្មោះប៉ុន គីមស្រេង ភេទស្រី អាយុ23ឆ្នាំ មានទីលំនៅភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ថា នៅវេលាម៉ោង១៤និង០៩នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ នៅលើផ្លូវលេខ២៧០ ចំណុចខាងមុខផ្ទះឈ្មោះមាស ថៃគី ភេទប្រុសនៅភូមិស្វាយស្រណោះទី១ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម មានករណីគ្រោះគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនឹងរថយន្ត (ក្នុងដំណេីរបញ្ជ្រាសទិសគ្នា)។ ដោយអ្នកបើកបរម៉ូតូឈ្មោះ ឡូត ប៊ុនឡុង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅនៅភូមិ កងតាណឹងទី១ ឃុំកងតាណឹង ស្រុក កងមាស ខេត្តកំពង់ចាម ដែលបើកបរម៉ូតូម៉ាកហុងដាឌ្រីម C125 ឆ្នាំ2015 ពីទិសខាងលិចទៅទិសខាងកើតបានបុកប៉ះជាមួយរថយន្ត០១គ្រឿងម៉ាក សាំយ៉ុង  ពណ៌ស ពាក់ស្លាកលេខកំពង់ឆ្នាំង2C -3491  បើកបរដោយឈ្មោះ ស្រ៊ន ស៊ូហាន ភេទប្រុស អាយុ32ឆ្នាំ មានទីលំនៅភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម បើកបរពីទិសខាងកើតទៅទិសខាងលិច។ 

    ក្រោយពេលកេីតហេតុ ភាគីទាំងសងខាងបានបញ្ជប់រឿងដោយភាគីខាងម៉ូតូចេញសងថ្លៃខូចខាតទៅម្ចាស់រថយន្តចំនួន30មុឺនរៀល( សាមសិបមុឺនរៀល ) ហើយក្រោយសម្រួលគ្នារួចរាល់នៅកន្លែងកើតហេតុម្ចាស់រថយន្តក៏បានធ្វើដំណើរបន្តទៅមុខទៀត។ លុះដល់មុខផ្ទះឈ្មោះ គ្រី ចំណុចផ្លូវកែងស្ថិតក្នុងភូមិស្វាយស្រណោះទី២ ឃុំរកាអារ ស្រុក កងមាស ខេត្តកំពង់ចាម ស្រាប់តែមានឈ្មោះ ញឹម ភារ៉ា( ហៅប៉ារ៉ា ) ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរកាអារ ឃុំរកាអារ ស្រុក កងមាស ខេត្តកំពង់ចាមដែលត្រូវជាមិត្តភក្តិរបស់ឈ្មោះ ឡូត ប៊ុនឡុង បានយកដុំថ្មគប់មកលើកញ្ចក់រថយន្ដខាងមុខចំហៀងខាងស្ដាំ បណ្ដាលអោយបែកកញ្ចក់រថយន្តខាងស្ដាំនិងធ្លាយកញ្ចក់ឡានត្រូវថ្ពាល់ខាងស្ដាំរបស់ឈ្មោះ ប៉ុន គីមស្រេង ភេទស្រី អាយុ២៣ឆ្នាំ ដែលត្រូវជាប្រពន្ធរបស់ឈ្មោះ ស្រ៊ន ស៊ូហាន ជាម្ចាស់រថយន្ត។ សកម្មភាពនេះបណ្ដាលឱ្យរបួសមនុស្សស្រី០១នាក់កម្រិតស្រាល។ ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្ដិ៍និងជំនាញបានចុះទៅដល់ទីកន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតដល់ម៉ោង22:30នាទីថ្ងៃដដែល ក៏បានឃាត់ខ្លួនជនសង្ស័យមកស្នាក់ការប៉ុស្ដិ៍ដើម្បីធ្វើការសាកសួរ។ 

    ក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានគប់ទៅកញ្ចក់រថយន្តគេប្រាកដមែន។ មូលហេតុដោយសារខឹងម្ចាស់រថយន្តទារសំណងពីមិត្តភក្តិខ្លួនច្រើនពេក។

ករណីនេះ សមត្ថកិច្ចបានចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖