ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សមត្ថកិច្ចនគរបាលខេត្ដព្រះសីហនុចាប់ជនដៃដល់២នាក់ករណីចាប់ជំរិត ទារប្រាក់១លានដុល្លារ

ចែករំលែក៖

    ខេត្តព្រះសីហនុ ៖ សមត្ថកិច្ននគរបាលខេត្ដព្រះសីហនុបានចាប់ជនដៃដល់២នាក់ករណីចាប់ជំរិតជនជាតិចិន ទារប្រាក់១លានដុល្លារ។

     បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យដឹងនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះថា មានប្រជាពលរដ្ឋបានរាយការណ៍មកថា នៅចំណុចម្តុំពយកំពេញចាស់ ស្ថិតក្នុងក្រុមទី១ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានក្រុមជនសង្ស័យ២នាក់ ជាជនជាតិចិនបានធ្វើសកម្មភាពចាប់បុរសជនជាតិចិន១នាក់ចូលក្នុងរថយន្តដើម្បីជំរិតទារប្រាក់។

    ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានធ្វើការស្រាវជ្រាវរហូតកំណត់អត្តសញ្ញាណរថយន្តដែលជនសង្ស័យជិះធ្វើសកម្មភាព ហើយភ្លាមៗនោះកម្លាំងជំនាញបានជិះដេញតាមរថយន្តរបស់ជនសង្ស័យរហូតដល់ចំណុចស្ថានីយប្រេងសូគីមុិច ផ្សារលើ ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រថយន្តរបស់ជនសង្ស័យបានបើកទៅបុកម៉ូតូរបស់ប្រជាពលរដ្ឋដែលកំពុងបើកបរបណ្តាលឱ្យរងរបួសបុរសម្នាក់ ហើយរថយន្តរបស់ជនសង្ស័យបានបន្តបើករត់គេចខ្លួនទៀតរហូតដល់ចំណុចមុខផ្សារលើ ស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ទើបរថយន្តរបស់ជនសង្ស័យបានបន្តបុករថយន្ត១គ្រឿងទៀត ម៉ាក Lexus 570 ពណ៌ស បណ្តាលឱ្យខូចខាតគូទរថយន្ត ហើយកម្លាំងសមត្ថកិច្ចក៏បានស្ទាក់ចាប់រថយន្តរបស់ជនសង្ស័យបាន។

ភ្លាមនោះ ជនសង្ស័យ២នាក់បានចុះពីរថយន្តរត់គេចខ្លួន ដោយមានជនសង្ស័យម្នាក់សៀតអាវុធខ្លី១ដើមនៅចង្កេះរត់ចូលក្នុងផ្សារ និងម្នាក់ទៀតក្នុងដៃមានកាន់កូនកាំបិតចុងស្រួច១ដើមរត់ទៅតាមផ្លូវកៀនផ្សារ ពេលនោះកម្លាំងសមត្ថកិច្ចបានដេញរហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ដែលមានអាវុធខ្លី ចំណែកជនសង្ស័យម្នាក់ទៀតដែលកាន់កូនកាំបិតចុងស្រួចបានយកកូនកាំបិតចុងស្រួចមកដេញចាក់លើសមត្ថកិច្ច។

ជាបន្ទាន់នោះកម្លាំងសមត្ថកិច្ចបានធ្វើការផ្ទុះអាវុធ២គ្រាប់ទៅលើដីដើម្បីគំរាមជនសង្ស័យ តែគ្រាប់បានផ្លាតទៅចំជើងខាងឆ្វេងរបស់ជនសង្ស័យ បន្ទាប់មក កម្លាំងសមត្ថកិច្ចបាននាំជនរងគ្រោះ ១នាក់ ភេទប្រុស ជនជាតិចិន (រងរបួសកធ្ងន់ធ្ងរ) និងជនសង្ស័យ១នាក់ ភេទប្រុស ជនជាតចិន (រងរបួសជើង) ទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលរបួស ។

    ជនរងគ្រោះចំនួន០១នាក់ ភេទប្រុស ជនជាតិចិន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រងរបួស ក ធ្ងន់ធ្ងរ។ ជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិចិន មាន១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ)។

សម្ភារចាប់យកបានមាន៖ -រថយន្ត ១គ្រឿង ម៉ាក Mercedes C300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា KLK.9898  (ជាមធ្យោបាយជិះធ្វើសកម្មភាព), -អាវុធខ្លី ១ដើម ម៉ាក K59 ពណ៌ខ្មៅ លេខសម្គាល់គ្មាន (បង់១ មាន ៣គ្រាប់)(អាវុធធ្វើសកម្មភាពភ្ជង់ជនរងគ្រោះ), -កូនកាំបិតចុងស្រួច ០១ដើម (មានប្រឡាក់ឈាមរបស់ជនរងគ្រោះ), -ទូរស័ព្ទដៃ ២គ្រឿង, -លិខិតឆ្លងដែន២ក្បាល, -កាតរឹង ២សន្លឹក, -កាបូបក្រវាត់ចង្កេះ ១, -នាឡិកាដៃ ២គ្រឿង, -ខ្សែ១ខ្សែ។

    បច្ចុប្បន្នករណីនេះត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងសួរនាំជនសង្ស័យបន្តតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖