ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច ម៉ែនសំអន ៖ ជ័យជំនះដ៏ធំធេងរបស់គណបក្សប្រជាជនខេត្តស្វាយរៀង បានរួមចំណែកយ៉ាងស័ក្តិសមជាមួយជោគជ័យដ៏មហិមារបស់គណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេសដែលទទួលបាន ទំនុកចិត្ត និងការគាំទ្រ ពេញទំហឹងរឹងមាំពីប្រជាពលរដ្ឋម្ចាស់ឆ្នោត

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សម្ដេច កិត្តិសង្គហ បណ្ឌិតម៉ែនសំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានមានប្រសាសន៏ថា ជ័យជំនះដ៏ធំធេងរបស់គណបក្សប្រជាជនខេត្តស្វាយរៀង បានរួមចំណែកយ៉ាងស័ក្តិសមជាមួយជោគជ័យដ៏មហិមារបស់គណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេសដែលទទួលបាន ទំនុកចិត្ត និងការគាំទ្រ ពេញទំហឹងរឹងមាំពីប្រជាពលរដ្ឋម្ចាស់ឆ្នោត។

ការមានប្រសាសន៏របស់សម្ដេច ធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣​ កន្លងទៅដោយមានការចូលរួមពីសំណាក់លោក លោកស្រីប្រធានក្រុមការងារចុះមូលដ្ឋានក្រុងស្រុកឃុំ​ លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានថ្នាក់ ឃុំ ភូមិ សរុបមានអ្នកចូលរួមជាង ៥០០នាក់​ ស្ថិតនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានគូសបញ្ជាក់ពីកាតព្វកិច្ចរួមរបស់យើងទាំងអស់គ្នាក្នុងការរក្សាប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដោយបន្តពុះពារបំពេញសម្រេចឲ្យបានល្អនូវភារកិច្ចនយោបាយតាមគ្រប់មុខសញ្ញា នៅគ្រប់ពេលវេលាគ្រប់ទីកន្លែង រួមសាមគ្គី ជម្រុញចលនាសកម្មភាពជាក់ស្តែង ថែបំប៉នជំនឿទឹកចិត្តដោយបេះដូងរបស់ប្រជាជន សំដៅពង្រឹងសុខសុវត្ថិភាពសហគមន៍មូលដ្ឋានដែលជាចំណែកដ៏សំខាន់ដល់ការថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ បង្កលក្ខណៈសព្វបែបយ៉ាង ដើម្បីធានាកំណើនសេដ្ឋកិច្ចជាតិ សម្រាប់វឌ្ឍនភាព និងវិបុលភាពរបស់កម្ពុជាជាដរាបតរៀងទៅ​។

ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចបានថ្លែងអំណរគុណក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សូមកោតសរសើរ វាយតម្លៃខ្ពស់ចំពោះកម្លាំងសរុប សកម្មភាពសរុបរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានពុះពាររាល់ការលំបាក ច្បាមជាប់មូលដ្ឋានផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជនជាប់ជាប្រចាំរហូតសម្រេចបានស្នាដៃធំធេង ដណ្តើមជ័យជំនះដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដោយគណបក្សប្រជាជនកម្ពុជាយើងឈ្នះទាំងស្រុង ទទួលបានអាសនៈទាំងអស់ ៥ លើ ៥ ក្នុងមណ្ឌលខេត្តស្វាយរៀង។

ចំពោះមគ្គុទ្ទេសភាពដ៏ត្រឹមត្រូវ ឈ្លាសវៃ ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និង លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងតំណែងនាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីសម្រេចបេសកកម្មជាប្រវត្តិសាស្ត្រ បន្តរក្សាការពារសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពយូរអង្វែងសម្រាប់អនាគតរុងរឿងរបស់មាតុភូមិ និងប្រជាជនយើងគ្រប់ជំនាន់តទៅមុខទៀត ៕

ដោយ៖ សុថាន


ចែករំលែក៖