ភ្លើងឆេះព្រៃដ៏ធំមួយនៅភាគខាងជើងប្រទេសកាណាដា កំពុងរាលដាលទៅកាន់តែ ជិតទីក្រុងយ៉េឡូណាហ្វ (Yellowknife) នៃដែនដីភាគពាយ័ព្យ ហើយអាចទៅដល់ជាយក្រុងនៅចុងសប្តាហ៍នេះ ប្រសិនបើមិនមានភ្លៀងធ្លាក់ទេនោះ។
អាជ្ញាធរប្រចាំតំបន់ បានឲ្យដឹងនៅទី១៧ខែសីហាថា ទីក្រុង Yellowknife មានប្រជាជនរស់នៅប្រហែល ២០០០០នាក់។ បើតាមទីភ្នាក់ងារពន្លត់អគ្គិភ័យនៃដែនដីភាគពាយព្យ (Northwest Territories) ភ្លើងឆេះព្រៃទំហំ ១៦៣,០០០ហិកតា បច្ចុប្បន្នគឺនៅចម្ងាយ ១៧គីឡូម៉ែត្រពីទីក្រុង Yellowknife ហើយទំនងជានឹងទៅដល់ផ្លូវហាយវ៉េ ដែលតភ្ជាប់ ទីក្រុងនេះចូល ទៅក្នុងប្រទេសកាណាដា នៅថ្ងៃព្រហស្បតិ៍នេះ។
អ្នកស្រុក Yellowknife មួយចំនួនបានចាកចេញពីទីក្រុងជាមុន និងបានព្រមានថាផ្លូវហាយវេអាចបិទភ្លាមៗដោយសារតែហានិភ័យនៃអគ្គីភ័យ។ យ៉ាងនេះក្តី អាជ្ញាធរនៅតែបន្តជំរុញដល់ប្រជាជនកុំឲ្យមានការភ័យស្លន់ស្លោរ។
កាណាដា កំពុងទប់ទល់នឹងរដូវកាលភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មាន ជាមួយនឹងការឆាបឆេះជាង ១,០០០កន្លែងទូទាំងប្រទេស ក្នុងនោះមាន ២៣០កន្លែងនៅភាគពាយព្យ។ អ្នកស្រុករាប់ពាន់នាក់ត្រូវបានបង្ខំឲ្យជម្លៀសចេញពីសហគមន៍តូចៗ ហើយបណ្តុំសហគ្រាសដែល នៅជាប់តំបន់អាល់បឺតា (Alberta) ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងដោយភ្លើង ដែលបានឆាបឆេះចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុន៕ ដោយ៖ ធីរីណា
រូបថត៖ Reuters