ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនេីប Hilux Rally បុកបង្គោលភ្លេីងបំភ្លឺផ្លូវជាតិលេខ១​ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

    ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនេីប Hilux Rally មួយគ្រឿង ដែលបេីកបរដោយបុរសម្នាក់​សង្ស័យស្រវឹងស្រា​ បានបោះពួយយ៉ាងលឿន រួចរេចង្កូតបុកបង្គោលភ្លេីងបំភ្លឺផ្លូវ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ រីឯអ្នកបេីកបររងរបួសស្រាល​ ដោយបង្កឡេីងកាលពីវេលាម៉ោង ១២​ និង០៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ទល់មុខនិងវិទ្យាល័យច្បារអំពៅ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

      ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញរថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក Hilux Rally ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BU-6911 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១​ ទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តនិងបង្គោលភ្លេីងរងការខូចខាតយ៉ាងដំណំ ។ ភ្លាមនោះគេឃេីញបុរសម្នាក់ដែលជាតៃកុងរថយន្តបង្កបានបេីកទ្វារចុះពីរថយន្តទំនងជាស្រវឹងស្រា​ និងរបួសតិចតួចផងដែរ​។ 

    ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ឱ្យមកធ្វេីការវាស់វែង យករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំដោះស្រាយតាមនីតិវិធី ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖