ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីមានការរាយការណ៍ថា Power Bank ត្រូវបានយកទៅសាកភ្ជាប់នឹងព្រីភ្លើង ហើយទុកចោល បង្កឱ្យមានអគ្គិភ័យកើតឡើង និងធ្វើឱ្យប្រជាពលរដ្ឋភ័យស្លន់ស្លោ រហូតដល់សមត្ថកិច្ចជំនាញចេញរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់ពីស្ត្រីជាម្ចាស់ផ្ទះ បានឱ្យដឹងថា មុនពេលកើតហេតុ កូនរបស់គាត់បានយក Power Bank ទៅសាកភ្ជាប់នឹងព្រីភ្លើង រួចក៏ចូលទៅសម្រាកក្នុងបន្ទប់។ មួយសន្ទុះក្រោយមក ស្រាប់តែឮសំឡេងផ្ទុះយ៉ាងខ្លាំង ហើយមានអណ្តាតភ្លើងឆាបឆេះរាលដាលយ៉ាងរហ័ស។ ភ្លាមៗនោះ ប្រជាពលរដ្ឋដែលរស់នៅក្បែរខាងបាននាំគ្នាទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីស្នើសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ជាបន្ទាន់។
ក្រោយទទួលបានព័ត៌មានអំពីករណីអគ្គិភ័យនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យចេញពីគ្រប់គោលដៅ ដើម្បីចុះជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។
បន្ទាប់ពីកម្លាំងជំនាញបានប្រតិបត្តិការបាញ់ពន្លត់អស់រយៈពេលមួយ រហូតប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង ទើបអគ្គិភ័យត្រូវបានពន្លត់ជាស្ថាពរ។
ក្នុងហេតុការណ៍នេះ មិនមានអ្នកស្លាប់ ឬរងរបួសនោះទេ ប៉ុន្តែផ្ទះ និងសម្ភារៈប្រើប្រាស់មួយចំនួនធំបានរងការខូចខាត។
ចំពោះមូលហេតុ ស្ត្រីជាម្ចាស់ផ្ទះបានអះអាងថា អគ្គិភ័យនេះកើតឡើងបន្ទាប់ពីកូនរបស់គាត់យក Power Bank ទៅសាកទុកចោល។ ទោះជាយ៉ាងណា មូលហេតុជាក់លាក់នៃអគ្គិភ័យគួរត្រូវបានបញ្ជាក់ដោយសមត្ថកិច្ចជំនាញក្រោយការត្រួតពិនិត្យ៕ ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច