ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋសំណូមពរឱ្យអាជ្ញាធរខេត្តរតនគិរីមានវិធានការផ្លូវច្បាប់លើរថយន្តដឹកជ័រកៅស៊ូស្អុយហូរទឹកប្រឡាក់ផ្លូវ

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្ដដែលរកសុីដឹកជ័រកៅស៊ូស្អុយធ្វើអាជីវកម្មហើយមិនបានវេចខ្ចប់ឱ្យបានត្រឹមត្រូវនោះ ពេលនេះប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៧៨ក៏ដូចជាពលរដ្ឋរស់នៅក្នុងក្រុងបានលុងផងដែរបានសំណូមពរយ៉ាងទទូចសុំឱ្យប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូននិងអាជ្ញាធរខេត្ដរតនគិរីមានវិធានការផ្លូវច្បាប់ទៅលើម្ចាស់រថយន្តទាំងនោះ។

     ការលើកឡើងនិងសំណូមពរបែបនេះដោយសារមានអ្នករកស៊ីដឹកជ័រកៅស៊ូស្អុយមួយចំនួនទៅលក់នៅខេត្តក្រោមៗដោយឆ្លងកាត់ទីប្រជុំជនក្រុងបានលុងញឹកញាប់ពុំបានវេចខ្ចប់ឱ្យបានត្រឹមត្រូវ។

     ការដឹកជញ្ជូននោះធ្វើឱ្យទឹកជ័រស្អុយហូរស្រោចប្រឡាក់ពេញផ្លូវជាតិលេខ៧៨ស្ទើរគ្រប់ទីកន្លែងដែលឆ្លងកាត់បណ្ដាលឱ្យប៉ះពាល់ដល់ផ្លូវដង្ហើមពួកគាត់។

    ជាក់ស្ដែងនៅថ្ងៃទី២១ខែសីហាឆ្នាំ២០២៣នេះមានរថយន្ដធំខ្នាតយក្សមួយគ្រឿងពាក់ស្លាកលេខកំពង់ចាម 3A-1265 ដឹកជ័រកៅស៊ូស្អុយពេញព្រៀបបើកចេញពីស្រុកបរកែវឆ្ពោះទៅខេត្ដត្បូងឃ្មុំ តែគេពុំបានវេចខ្ចប់ជ័រទៅតាមកាណែនាំរបស់មន្ត្រីជំនាញនោះទេ ធ្វើឱ្យហូរទឹកស្អុយស្រោចស្រពពេញផ្លូវជាតិលេខ៧៨ ហើយអ្នកបើកបរនិយាយថាមិនបានដឹងអំពីការណែនាំរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដរតនគិរីនោះទេ ដែលកាលពីខែវិច្ឆិកាឆ្នាំ២០២២កន្លងទៅលោកសាយ សាមាន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្ដរតនគិរីនិងជាប្រធានលេខាធិការដ្ឋាននៃអនុគណ:កម្មការសុវត្ដិភាពចរាចរណ៍ផ្លូវគោកក៏បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់ឃ្លាំងនិងម្ចាស់រថយន្ដដែលរកសុីដឹកជ័រកៅស៊ូស្អុយធ្ចើចរាចរណ៍លើផ្លូវជាតិនេះនិងផ្លូវផ្សេងទៀតដូចជាផ្លូវនានាក្នុងភូមិសាស្ត្រខេត្តរតនគិរីទាំងមូលឱ្យបានជ្រាបជាព័ត៌មាននិងបានផ្សព្វផ្សាយតាមវិទ្យុបណ្ដាញសង្គមផងដែរ។

    ការជូនដំណឹងនោះបានបញ្ជាក់ថា ម្ចាស់ឃ្លាំងនិងម្ចាស់រថយន្ដត្រូវតែវេចខ្ចប់ជ័រស្អុយឱ្យបានត្រឹមត្រូវមុននឹងធ្វើការដឹកជញ្ជូនចេញទៅលក់ដើម្បីការពារទឹកស្អុយហូរចេញពីជ័រកៅស៊ូនាំឱ្យប្រឡាក់ផ្លូវសាធារណ:ធ្វើឱ្យប៉ះពាល់ផាសុកភាពប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនោះផង។ ឯម្ចាស់ឃ្លាំងទាំងអស់រួមនឹងម្ចាស់រថយន្ដក្រោយទទួលដំណឹងហើយត្រូវតែគោរពនិងអនុវត្តតាម បើនៅតែបន្ដល្មើសទៀតខាងមន្ទីរនឹងចាត់វិធានការតាមច្បាប់ជាធរមានហើយ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖