ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៣នេះ បានប្រកាសរៀបចំការប្រកួតប្រជែងថ្មីមួយទៀត គឺការបង្កើតគម្រោង “បំណងប្រាថ្នា” ក្នុងឆ្នាំ ២០២៣នេះ សម្រាប់សិស្សថា្នក់ទី៩រហូតដល់ថ្នាក់ទី ១២។ កម្មវិធីនេះ ជាការរៀបចំឡើងលើកទី ២ ដែលសិស្សអាចដាក់ពាក្យស្នើតាមរយៈគេហទំព័រ www.cambodiaaspiration.com។
ក្រសួងរៀបចំការប្រកួតប្រជែងគម្រោង “បំណងប្រាថ្នា”នេះឡើង គឺដើម្បីចូលរួមលើកកម្ពស់អប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា STEM និងប្រមូលផ្ដុំសិស្សដែលមានសក្ដានុពលក្នុងការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដោយផ្សាភ្ជាប់ជាមួយបរិបទនៃការអប់រំឌីជីថល។ លើសពីនេះ គម្រោង “បំណងប្រាថ្នា” គឺផ្តោតលើវត្ថុគំរូវិទ្យាសាស្រ្តដែលអាចកែសម្រួល ឬដោះស្រាយបញ្ហានានាដែលកំពុងជួបប្រទះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
នាឱកាសនោះ លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តឱ្យសិស្សចូលរួមប្រកួត ត្រូវសាកល្បងបង្កើតគម្រោងដោយមានការត្រិះរិះពិចារណាក្នុងការដោះស្រាយបញ្ហា និងទាមទារឱ្យមានព្យាយាម អំណត់ តស៊ូ និងត្រូវដាក់កម្ពុជា ជាក្ដីប្រាថ្នារបស់ខ្លួន។
បច្ចុប្បន្នសិស្សដែលមានបំណងចូលរួមប្រកួតប្រជែងក្នុងកម្មវិធី “បំណងប្រាថ្នា” នៅតែអាចបន្តដាក់ពាក្យចូលរួមប្រកួតតាមរយៈ គេហទំព័រ www.cambodiaaspiration.com។ ការប្រកួតនេះ បែងចែកជា ៥ជំហាន ដោយជំហានទី ១ ជាការចុះឈ្មោះនៅលើវេទិកាឌីជីថល ការស្វែងរកដៃគូ ការបង្កើតក្រុមសរសេរឯកសារទស្សនាទាន ការពិគ្រោះយោបល់ និងការកែលលម្អ ការធ្វើបទបង្ហាញការពារគម្រោងនៅចំពោះមុខវេទិកាសាធារណៈ និងការផលិតវត្ថុគំរូជាជំហានចុងក្រោយ។ ការផលិតវត្ថុគំរូនេះ គឺផ្តល់ជូនគម្រោងដែលត្រូវបានវាយតម្លៃថា មានគុណតម្លៃខ្ពស់។ គម្រោងនោះនឹងទទួលបានថវិកា ក្នុងចំនួនកំណត់មួយដើម្បីគាំទ្រសម្រាប់ការអនុវត្ត និងផលិតចេញវត្ថុគំរូ ដោយគណៈកម្មការនៃព្រឹត្តិការណ៍ ៕
ដោយ៖ សហការី