ភ្នំពេញ៖ ថ្លែងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ ៖ បានបង្ហាញពីក្ដីស្រមៃនិងគោលបំណង៣ធំៗ ដូចទៅនឹងក្ដីស្រមៃនិងគោលបំណងរបស់តំណាងបងប្អូនកម្មករនិយោជិតដែរ ដែលពាក់ព័ន្ធនឹងវិស័យការងារ របបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការលើកកម្ពស់ផលិតភាពរបស់កម្លាំងពលកម្មរបស់កម្ពុជា។
ការថ្លែងបែបនេះលោក ហេង សួរ បានធ្វេីឡើងក្នុងពិធីជួបជុំជាមួយតំណាងកម្មករនិយោជិតក្រៅផ្លូវការកាលពីយប់មិញនេះ មានការចូលរួមពីគ្រប់ប្រធានសហជីពដែលរួមមានលោកប៉ាវ ស៊ីណាប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា និងលោកថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ជាដើម។
លោករដ្ឋមន្ត្រីការងារ បានគូសបញ្ជាក់ថា ក្ដីស្រមៃនិងគោលបំណងធំៗទាំង៣នោះរួមមាន ១. ការពារកិត្តិយស សេចក្តីថ្លៃថ្នូ និងធ្វើឱ្យប្រសើរឡើងនៃជីវភាពរស់នៅរបស់កម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ ក៏ដូចជាពលករនៅក្រៅប្រទេស។ ២. ខិតខំរក្សា និងទាក់ទាញអ្នកវិនិយោគបន្ថែម ដើម្បីរក្សាឆ្នាំងបាយចាស់ និងបង្កើតឆ្នាំងបាយថ្មី (ការងារថ្មីកាន់តែសមរម្យ) ដល់យុវជនដែលជាកូនចៅជំនាន់ក្រោយ និងធ្វើឱ្យសេដ្ឋកិច្ចយើងកាន់តែរឹងមាំ។ និងទី៣. រក្សាភាពសុខដុមរមនានៅកន្លែងធ្វើការ ដោយឈរលើមនសិកាវិជ្ជាជីវៈ យកច្បាប់ជាគោល និងការសម្របសម្រួលគ្នាជាធំ ជៀសវៀងការប្តឹងផ្តល់ញុះញង់អុចអាល់ ចង់ចាញ់ចង់ឈ្នះ ដោយមិនសមហេតុផល។
លោករដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា៖ «ពិតជារីករាយនឹងការជួបជាមួយបងប្អូនតំណាងកម្មករនិយោជិតទាំងអស់ដោយមិនរើសមុខ ឱ្យតែការជួបនាំមកនូវហេតុផលនូវធាតុចូលល្អៗ ពាក់ព័ន្ធនឹងវិស័យការងារ របបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការលើកកម្ពស់ផលិតភាពរបស់កម្លាំងពលកម្មរបស់កម្ពុជា ប្រសិនជាជួបគ្នាជាលក្ខណៈសាមញ្ញ និងមិនផ្លូវការបាននោះកាន់តែប្រសើរ ពីព្រោះយើងអាចនិយាយអស់ពីចិត្តរៀងៗខ្លួន»។
គួរបញ្ជាក់ថា ក្រោយកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ និបណ្តុះបណ្តាលវិជ្ជាជីវៈភ្លាម លោក បានឆ្លៀតពេលក្រៅម៉ោងរដ្ឋបាលដើម្បីពិនិត្យមើលទិដ្ឋភាពពេលបម្រើការងារ ការទទួលទានអារហារពេលថ្ងៃត្រង់ និងចុះពិនិត្យស្វែងយល់ពីការរស់នៅរបស់បងប្អូនកម្មករនិយោជិតពេលក្រោយម៉ោងធ្វើការជាដើម៕
ដោយ៖ សហការី