ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី​ ហេង សួរ ៖ ខ្ញុំ និងតំណាងបងប្អូនកម្មករនិយោជិតមានក្ដីស្រមៃនិងគោលបំណងរួមគ្នា

ចែករំលែក៖

ភ្នំពេញ៖ ថ្លែង​តាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​នៅព្រឹកថ្ងៃទី២៦ ខែសីហា​ ឆ្នាំ​២០២៣នេះ ៖​ បានបង្ហាញពីក្ដីស្រមៃនិងគោលបំណង៣ធំៗ ដូចទៅនឹងក្ដីស្រមៃនិងគោលបំណងរបស់តំណាងបងប្អូនកម្មករនិយោជិតដែរ ដែលពាក់ព័ន្ធនឹងវិស័យការងារ របបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការលើកកម្ពស់ផលិតភាពរបស់កម្លាំងពលកម្មរបស់កម្ពុជា។

ការថ្លែងបែបនេះ​លោក​ ហេង សួរ បានធ្វេី​ឡើង​ក្នុងពិធីជួបជុំជាមួយតំណាងកម្មករនិយោជិតក្រៅផ្លូវការកាលពីយប់មិញនេះ មានការចូលរួមពីគ្រប់ប្រធានសហជីពដែលរួមមានលោកប៉ាវ ស៊ីណាប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា និងលោកថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ជាដើម។

លោករដ្ឋមន្ត្រីការងារ បានគូសបញ្ជាក់ថា ក្ដីស្រមៃនិងគោលបំណងធំៗទាំង៣នោះរួមមាន ១. ការពារកិត្តិយស សេចក្តីថ្លៃថ្នូ និងធ្វើឱ្យប្រសើរឡើងនៃជីវភាពរស់នៅរបស់កម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ ក៏ដូចជាពលករនៅក្រៅប្រទេស។ ២. ខិតខំរក្សា និងទាក់ទាញអ្នកវិនិយោគបន្ថែម ដើម្បីរក្សាឆ្នាំងបាយចាស់ និងបង្កើតឆ្នាំងបាយថ្មី (ការងារថ្មីកាន់តែសមរម្យ) ដល់យុវជនដែលជាកូនចៅជំនាន់ក្រោយ និងធ្វើឱ្យសេដ្ឋកិច្ចយើងកាន់តែរឹងមាំ។  និងទី៣. រក្សាភាពសុខដុមរមនានៅកន្លែងធ្វើការ ដោយឈរលើមនសិកាវិជ្ជាជីវៈ យកច្បាប់ជាគោល និងការសម្របសម្រួលគ្នាជាធំ ជៀសវៀងការប្តឹងផ្តល់ញុះញង់អុចអាល់ ចង់ចាញ់ចង់ឈ្នះ ដោយមិនសមហេតុផល។

លោករដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា៖ «ពិតជារីករាយនឹងការជួបជាមួយបងប្អូនតំណាងកម្មករនិយោជិតទាំងអស់ដោយមិនរើសមុខ ឱ្យតែការជួបនាំមកនូវហេតុផលនូវធាតុចូលល្អៗ ពាក់ព័ន្ធនឹងវិស័យការងារ របបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការលើកកម្ពស់ផលិតភាពរបស់កម្លាំងពលកម្មរបស់កម្ពុជា ប្រសិនជាជួបគ្នាជាលក្ខណៈសាមញ្ញ និងមិនផ្លូវការបាននោះកាន់តែប្រសើរ ពីព្រោះយើងអាចនិយាយអស់ពីចិត្តរៀងៗខ្លួន»។

គួរបញ្ជាក់ថា ក្រោយកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ និបណ្តុះបណ្តាលវិជ្ជាជីវៈភ្លាម លោក បានឆ្លៀតពេលក្រៅម៉ោងរដ្ឋបាលដើម្បីពិនិត្យមើលទិដ្ឋភាពពេលបម្រើការងារ ការទទួលទានអារហារពេលថ្ងៃត្រង់ និងចុះពិនិត្យស្វែងយល់ពីការរស់នៅរបស់បងប្អូនកម្មករនិយោជិតពេលក្រោយម៉ោងធ្វើការជាដើម៕

ដោយ​៖ សហការី​


ចែករំលែក៖