ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ចិន្តាសោភា បាន​អនុញ្ញាត​ឱ្យ លោកឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាតែងតាំងថ្មី ចំនួន​ ៧ រូប ចូលជួបសម្តែងការគួរសម និងជម្រាបលា

ចែករំលែក៖

ភ្នំពេញ ៖ នាព្រលប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ បានអោយដឹងថា : នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២៣ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការ​​បរ​​ទេស និង​​សហ​ប្រតិ​បត្តិការ​អន្តរជាតិ បាន​អនុញ្ញាត​ឱ្យឯកឧត្តមឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាតែងតាំងថ្មី ចំនួន​ ៧ រូប ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅទីស្តីការក្រសួង។​

លោកឧបនាយករដ្ឋមន្រ្តី បានអបអរសាទរដល់លោកឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា តែងតាំងថ្មីទាំង ៧ រូប ដែលនឹងទៅបំពេញបេសកកម្មការទូតតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋបារាំង,​ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់, ចក្រភពអង់គ្លេស, សាធារណរដ្ឋស៊ែប៊ី, សាធារណរដ្ឋតួកគី, សាធារណរដ្ឋឥណ្ឌូនេស៊ី, និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្ទាប់ពីទទួលបាននូវការយល់ព្រម (Agrément) ពីប្រមុខរដ្ឋ/រដ្ឋាភិបាលនៃរដ្ឋម្ចាស់ផ្ទះ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ផ្តាំផ្ញើដល់ឯកឧត្ដមឯកអគ្គរាជទូតទាំងអស់ត្រូវខិតខំបំពេញការងារឱ្យសកម្មប្រកប​ដោយ​ភាពទទួល​ខុស​ត្រូវ​ខ្ពស់ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងលើកកម្ពស់កិត្យានុភាពនៃប្រទេសយើង។

លើសពីនេះ លោកឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍​ណែនាំដល់ លោកឯកអគ្គរាជទូតទាំងអស់ត្រូវខិតខំជំរុញកិច្ចការការទូតសេដ្ឋកិច្ច ការទូតម្ហូបអាហារ ការទូតកីឡា និងការទូតសិល្បៈ ដែល​ជាវិស័យអាទិភាពចម្បងនៃការងារការបរទេសក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ ហើយក៏ជាផ្នែកមួយក្នុងការផ្សព្វផ្សាយអំពីសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌កម្ពុជា​ដ៏រុងរឿងដល់ពិភពលោក ព្រមទាំងពង្រឹងទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជាជាមួយប្រទេសនានាផងដែរ។    លោកឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ឯកឧត្តមនឹងខិតខំធ្វើយ៉ាងណានឹងជួយស្វះស្វែងផ្តល់លទ្ធភាពដល់បណ្តាស្ថានឯកអគ្គរាជទូត និងស្ថានតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅក្រៅប្រទេស ដើម្បី​សម្រេចបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញការងារ។

ជាកិច្ចឆ្លើយតប លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង និងជាតំណាងឱ្យឯកឧត្ដមឯកអគ្គរាជទូតទាំង ៧ រូប បានប្តេជ្ញាថា នឹងខិតខំបំពេញការងារជូនប្រជាពលរដ្ឋខ្មែរ ឱ្យទាន់ពេលវេលា និងទទួលបាន​សេវាល្អ ព្រមទាំងលើកកម្ពស់វិស័យការទូតសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និង ទាក់ទាញវិនិយោគបរទេសឱ្យបានច្រើនដើម្បីមកវិនិយោគនៅកម្ពុជា៕

ដោយ ៖ សហការី


ចែករំលែក៖