ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យការសាងសង់ទីទួលសុវត្ថិភាពដែលជាយុទ្ធសាស្រ្តនៅខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុ ប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយអញ្ជើញចុះពិនិត្យការសាងសង់ទីទួលសុវត្ថិភាព ដែលជាយុទ្ធសាស្រ្ត និងការយកចិត្តទុកដាក់ខ្ពស់អំពីសុខសុវត្ថិភាព និងអាយុប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ។

ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា ដោយមើល ឃើញស្ថានភាពទឹកជំនន់កើតឡើងជារៀងរាល់ឆ្នាំ និងមានសភាពប្រែប្រួលជាបន្តបន្ទាប់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានកំពុងពិនិត្យការរៀបចំទីទួលសុវត្ថិភាពនៅក្នុងតំបន់ប្រឈមដោយទឹកជំនន់។ លោកបន្តទៀតថាការរៀបចំទីទួលសុវត្ថិភាព នេះជាយុទ្ធសាស្រ្ត និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិ បាលដែលតែងតែណែនាំ និងក្រើនរំលឹកដល់អាជ្ញាធរ ភាគីពាក់ព័ន្ធគ្រប់លំដាប់ឲ្យពង្រឹង និងពង្រីកទីទួលសុវត្ថិភាព ដើម្បីជម្លៀសប្រជាពលរដ្ឋពីទឹកជំនន់។

ទេសរដ្ឋមន្រ្តី គន់ គីម បញ្ជាក់ថា មកដល់ពេលនេះ ទីទួលសុវត្ថិភាពបានរៀបចំសាងសង់រួចរាល់មានចំនួននៅតាមខេត្តដែលងាយរងគ្រោះ មាន៩ទីតាំង ដែលមានស្តង់ដារស្ថិតនៅខេត្តកំពង់ធំ៥កន្លែង,កំពង់ឆ្នាំង២កន្លែង ពោធិ៍សាត់ ២កន្លែង ក្នុងនោះមាន៦កន្លែងមានលក្ខណៈស្តង់ដារនិងសាងសង់ដោយគណៈកម្មាធិការជាតិគ្រប់ គ្រងក្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក ខណៈទីទួលសុវត្ថិភាព ៣កន្លែងកំពុងសាង សង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ។ ចំពោះទីទួលសុវត្ថិ ភាពនីមួយៗមានលទ្ធភាពអាចឲ្យប្រជាពលរដ្ឋប្រមូលផ្តុំចន្លោះពី៣០០ ទៅ៥០០នាក់ ក្នុងកន្លែងនីមួយៗ។

ទេសរដ្ឋមន្រ្តី គន់ គីម បន្តថា ក្រៅពីទីទួលសុវត្ថិភាពរៀប ចំដោយគណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ អាជ្ញាធរមូលដ្ឋានក៏មានទីទួលសុវត្ថិភាពដូចគ្នា សហការជាមួយអង្គការដៃគូ ដូចជា វត្តអារាម និងសាលារៀន។

ទេសរដ្ឋមន្រ្តី គន់ គីម បន្ថែមថា ផ្អែកតាមស្ថានភាពការ ប្រែប្រួលអាកាសធាតុក្នុងឆ្នាំនេះ ដែលហៅថាទឹកជំនន់រហ័ស ដែលជាទូទៅច្រើនកើតឡើងនៅតំបន់ពាយ័ព្យនៃកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ ព័ន្ធពិនិត្យឡើងវិញការរៀបចំទីទួលសុវត្ថិភាពដែលមានស្រាប់ ដើម្បីត្រៀមប្រើប្រាស់ទទួលប្រជាពលរដ្ឋដែលជម្លៀសពីផ្ទះសម្បែងរបស់ពួកគាត់៕

ដោយ៖ សូរិយា


ចែករំលែក៖