ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកំពុងស្រាវជ្រាវក្មេងទំនើងអុកឡុកក្រុងប៉ោយប៉ែត មួយក្រុមជិះម៉ូតូធាក់ម៉ូតូមួយគ្រឿងទៀតរួចកាប់បំផ្លាញបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលអូរជ្រៅកំពុងស្រាវជ្រាវរកមុខក្មេងទំនើង១ក្រុមប្រមាណ៥ ទៅ៦នាក់បានធាក់ម៉ូតូជនរងគ្រោះមួយគ្រឿងទៀតហើយ កាប់បំផ្លាញបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ស្ថិតភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

ប្រជាពលរដ្ឋបានប្រាប់ថា៖ នៅពេលក្មេងទំនើង១ក្រុមកាប់ទៅលើជនរងគ្រោះ គឺមានយុវជន២នាក់បានជិះម៉ូតូតាមផ្លូវជិតពេទ្យនគររាជ នៅពេលយប់ស្រាប់តែមានក្មេង១ក្រុមទៀតជិះម៉ូតូ៣គ្រឿងមានគ្នា៥ទៅ៦នាក់មានកាំបិត បានធាក់ម៉ូតូជនរងគ្រោះផ្ដួលហើយកាប់ទៅលើជនរងគ្រោះគេចផុតនាំគ្នាកាប់បំផ្លាញម៉ូតូទាំងស្រែកក្អៈក្អាយហូរកញ្ជ្រៀវពេញតាមផ្លូវបន្ទាប់មកជិះម៉ូតូគេចបាត់។

ប្រជាពលរដ្ឋបានបញ្ជាក់ថា៖វាពិតជាឃោរឃៅពេកគ្រាន់គ្នាជិះម៉ូតូតាមផ្លូវសុខៗត្រូវបានក្មេងស្ទាវ១ក្រុមនាំគ្នាធាក់ម៉ូតូផ្ដួល កាប់ម៉ូតូចោលលេងពិតជាអនាធិបតេយ្យពេកហើយនៅពេលដែលក្មេងទំនើងកាប់ទៅលើជនរងគ្រោះពួកគាត់ដែលកំពុងអង្គុយហូបក្នុងហាងភ័យស្លន់ស្លោរពិតជាប៉ះពាល់សន្តិសុខនិងសណ្តាប់ធ្នាប់ភូមិ.ឃុំគ្មានសុវត្ថិភាព។

ប្រជាពលរដ្ឋសំណូមពរដល់ស្ថាប័នសមត្តកិច្ចមាន នគរបាល កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតគួរតែមានវិធានការបង្ក្រាបក្មេងទំនើងដែលកាប់ទៅលើជនរងគ្រោះដើម្បីចាត់ការតាមច្បាប់ មិនទុកអោយក្រុមបាតសង្គមនេះដើរបង្កអសន្តិសុខធ្វើឱ្យប្រជាពលរដ្ឋព្រួយបារម្ភនិងភ័យខ្លាចព្រោះតែក្រុមទំនើងនេះដើរកាប់គេឯង។

មន្ត្រីនគរបាលប៉ុស្តិ៍អូរជ្រៅបានប្រាប់ថា៖ចំពោះក្មេងទំនើងដែលធាក់ម៉ូតូជនរងគ្រោះហើយកាប់ម្ចាស់មិនបានសំរេចរួចកាប់បំផ្លាញម៉ូតូនោះកម្លាំងជំនាញបានកំណត់មុខសញ្ញាហើយធ្វើស្រាវជ្រាវចាប់ខ្លួនអោយបានឆាប់ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖