ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន សម្រេចប្រើប្រាស់ Facebook ឡើងវិញ បន្ទាប់ក្រុមហ៊ុន បានផ្តល់យុត្តិធម៌ជូនសម្តេច

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រើប្រាស់បណ្តាញសង្គម Facebook ឡើងវិញ បន្ទាប់ពីក្រុមហ៊ុននេះ បានផ្តល់យុត្តិធម៌ជូនសម្តេចឡើងវិញ។

សូមជម្រាបជូនថា : នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហោះលើ ផេកផ្លូវការ របស់សម្តេចថា : បងប្អូនជនរួមជាតិជាទីស្រឡាញ់!

ខ្ញុំសម្រេចមកប្រើប្រាស់Facebook វិញ គួបផ្សំជាមួយtwitter,YouTube,TikTok ,Telegram ,instagram,បន្ទាប់ពី ក្រុមហ៊ុនFacebookទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូចនិងផ្តល់យុត្តិធម៍សម្រាប់រូបខ្ញុំ។

សម្តេចមានប្រសាសន៍បន្តថា, ខ្ញុំសង្ឃឹមថាក្រុមហ៊ុនFacebook នឹងប្រកាន់ខ្ជាប់នូវក្រមសឹលធម៍មិនងងិតងងុលដូចក្រុមមនុស្សខូចដែលជាមនុស្សមិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ។

សម្តេចសង្ឃឹមថាក្រុមហ៊ុនFacebook នឹងទទួលបានប្រាក់ចំណេញលើស២០០លានដុល្លារក្នុងមួយឆ្នាំនៅកម្ពុជា ។ ឯរាជរដ្ឋាភិបាលទទួលបាន១០ភាគរយដែលមានទឹកប្រាក់លើស២០លានដុល្លារក្នុងមួយឆ្នាំ(តួរលេខផ្នែកពន្ធដារ)។

សម្តេចតេជោ លើកឡើងថា, ក្រសួងប្រៃសណីយ៍និងទូរគនាគមន៍បាន ចេញសេចក្តីប្រកាសទទួលយកតំណាង ក្រុមហ៊ុនFacebook ឲ្យចូលមកធ្វើការ នៅកម្ពុជាវិញតែមិនស្វាគមន៍ក្រុមមនុស្សខូចដែលផ្តល់អនុសាសន៍មិនត្រឹមត្រូវនោះឡើយ។

សម្តេចបន្តថា : ការសម្រេចប្រើឬមិនប្រើFacebook គឺជាសិទ្ធផ្តាច់មុខរបស់ខ្ញុំ(only one Hun Sen)។ចាប់ពីពេលនេះទៅបងប្អូនអាចរកខ្ញុំឃើញនៅគ្រប់បណ្តាញសង្គមតែភាគច្រើនខ្ញុំនៅជាមួយTikTok និងTelegram ។

សម្តេចបាន សូមអំនាវនាវជាថ្មីម្តងទៀតចំពោះបងប្អូនដែលប្រើឈ្មោះខ្ញុំបង្កើតFacebook, TikTokក្លែងក្លាយ សូមលុបចោលជាបន្ទាន់ដើម្បីជៀសវាងការភ័យច្រឡំ៕

ដោយ ៖ សុខ ខេមរា 


ចែករំលែក៖