ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋនៅម្ដុំផ្លូវវាងក្រុងបានឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែស្រាពណ៍ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣នេះថា កាលពីព្រលប់ម្សិលមិញមានក្មេងទំនើងពីរក្រុមបានបើកឆាកប្រយុទ្ធគ្នានៅលើផ្លូវសាធារណៈ ដោយភាគីម្ខាងបន្សល់នូវប្រអប់ដៃផ្នែកខាងឆ្វេង ចំណែកភាគីបង្កក្រោយធ្វើសកម្មភាពរួចបានជិះម៉ូតូគេចខ្លួនបាត់ទៅ ។
ប្រភពព័ត៌មានពីអ្នកភូមិនៅម្ដុំកើតហេតុបានឱ្យដឹងទៀតថា ហេតុការណ៍ខាងលើបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥(ផ្លូវវាងក្រុង)ស្ថិតនៅភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ ដោយមុនដំបូងគេឃើញក្មេងស្ទាវៗជិះម៉ូតូឌុបគ្នា៥ទៅ៦គ្រឿងចុះឡើងៗ ប៉ុន្តែគ្មាននរណាចាប់អារម្មណ៍នោះទេ ស្មានថាអ្នកមកគយគន់ដើម្បីស្រូបយកខ្យល់បរិសុទ្ទ ព្រោះធម្មតាល្ងាចៗមានមនុស្សច្រើនមកគយគន់ទេសភាពនៅម្តុំនេះ ស្រាប់តែឃើញមានមនុស្ស២នាក់ មធ្យោបាយដោយម៉ូតូ១គ្រឿងមកឈប់ក្បែរ រួចដាក់ការុងចុះដកមកដាវសោះ ហើយក៏បានកាប់យុវជនម្នាក់បណ្ដាលឱ្យដាច់ប្រអប់ដៃធ្លាក់ខ្ពាក ក្រោយធ្វើសកម្មភាពរួចភ្លាមជនបង្កបានជិះម៉ូតូគេចខ្លួនបាត់ទៅ ។
ប្រភពព័ត៌មានបញ្ជាក់ទៀតថា ភ្លាមៗនោះគេឃើញភាគីរងរបួសបន្សល់នូវប្រអប់ដៃ បានទូរស័ព្ទហៅបក្ខពួកដោយជិះម៉ូតូ១គ្រឿងៗមានក្នា២នាក់(មិនតិចជាងម្ពៃគ្រឿងនោះទេ) ហើយម៉ូតូខ្លះជិះតាមជនបង្កនិងខ្លះទៀតឌុបជនរងរបួសទៅបាត់ទៅ។ ករណីនេះពុំមែនក្មេងៗនៅក្នុងមូលដ្ឋានកើតហេតុនេះទេ អាចមកពីតាមបណ្ដាស្រុកផ្សេងៗ ហើយក៏ទំនងពុំមែនមានទំនាស់គ្នាដោយចៃដន្យនោះដែរ អាចមានការណាត់កាប់គ្នាក៏ថាបាន ព្រោះនៅតំបន់ក្បែរៗកន្លែងកើតហេតុឧស្សាហ៍កើតហេតុជារឿយៗ។ ម្យ៉ាងទៀតសមត្ថកិច្ចក៏ឧស្សាហ៍បង្រ្កាបបានជាញឹកញាប់ ដើម្បីយកទៅបន្តនីតិវិធីទៀតផង។ ករណីនេះប្រជាពលរដ្ឋជឿជាក់ថា សមត្ថកិច្ចពុំនៅស្ងៀមនោះឡើយ ជាពិសេសសាច់ញាតិជនរងរបួស ៕
ដោយ៖ ប៉ឹម ពិន