ភ្នំពេញ ៖ លិខិតអបអរសាទរ និងជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវអំណរសាទរប្រកបដោយក្តីរំភើប ឥតឧបមាគោរពជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក កម្ពុជា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានគោរមងារជា “សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ” តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១១០ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣។
តាមរយៈគោរមងារដ៏ឧត្តុង្គឧត្តមបំផុតដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលបាននាពេលនេះ គឺជាមហាកិត្តិយសដ៏ប្រសើរថ្លៃថ្លាបំផុត សម្រាប់មុខតំណែងខ្ពង់ខ្ពស់បំផុតនៃអង្គនីតិប្រតិបត្តិ ក្នុងប្រទេសកម្ពុជាដែលប្រកាន់ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយគោរមងារនេះ គឺពិតជាស័ក្តិសមបំផុតចំពោះលក្ខណសម្បត្តិដ៏ល្អឥតខ្ចោះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងជាបញ្ញវន្តខ្មែរដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ទេពកោសល្យ គុណធម៌ សីលធម៌ សុជីវធម៌ល្អ និងតែងបានលះបង់កម្លាំងកាយចិត្ត និង ប្រាជ្ញាស្មារតីគ្រប់ពេលវេលា ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈទាំងអស់។
យើងខ្ញុំទាំងអស់គ្នា សូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់, សូមបានសម ប្រកបនូវពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តា ទទួលនូវភក្ដីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា៕
ដោយ ៖ សុខ ខេមរា