ភ្នំពេញ ៖ លិខិតអបអរសាទរ និងជូនពរ សូមគោរពជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពដ៏ខ្ពង់ខ្ពស់!
ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវអំណរសាទរប្រកបដោយក្តីរំភើប ឥតឧបមាគោរពជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់សព្វព្រះរាជហប្ញទ័យ ប្រោសព្រះរាជទានគោរមងារជា “សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី” តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១៩២៣២១០៩ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣។
តាមរយៈគោរមងារដ៏ឧត្តុង្គឧត្តមបំផុតដែល សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ទទួលបាននាពេលនេះ គឺជាមហាកិត្តិយសដ៏ប្រសើរថ្លៃថ្លាបំផុត សម្រាប់មុខតំណែងខ្ពង់ខ្ពស់បំផុតនៃអង្គនីតិប្បញ្ញត្តិ ក្នុងប្រទេសកម្ពុជាដែលប្រកាន់ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយគោរមងារនេះ គឺពិតជាស័ក្តិសមបំផុតចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលក្នុងរយៈពេលកន្លងមក បានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ ប្រកបដោយ ទេពកោសល្យ ក្នុងការចូលរួមលើកកម្ពស់អង្គនីតិប្បញ្ញត្តិ ការលើកកម្ពស់សមភាពយេនឌ័រ តម្លាភាពអង់អាច និងតួនាទី ដ៏សំខាន់របស់ស្ត្រី ក្នុងដំណើរការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាតិ ក្នុងយុគសម័យ ឌីជីថល ស្របតាមទិសស្លោក “ស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច-សង្គមជាតិ។
យើងខ្ញុំទាំងអស់គ្នា សូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារជាទីស្រលាញ់ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំង ខ្លាំងក្លា និងប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំស្ថាប័នរដ្ឋសភា នីតិកាលទី៧ នេះ ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបុព្វហេតុពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍជាតិជានិច្ចនិរន្តរ៍។
សូមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មេត្តា ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា៕
ដោយ ៖ សុខ ខេមរា