ខេត្តកំពង់ស្ពឺ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយមនុស្សប្រុសស្រីចំនួន០៥នាក់ផ្សេង ទៀតបានរងរបួសធ្ងន់ស្រាលត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលភ្លាមៗ ខណៈដែលរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង ជ្រុលបុកចូលតូបអ្នកលក់ដូរទៀត។
ហេតុការណ៍រថយន្ត០២គ្រឿងបុកគ្នាជ្រុលបុកចូលតូបលក់ដូរនេះបានកើតឡើងកាលពីវេលាម៉ោង០៦និង ៤០នាទីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៣ទៅលេខ២៤ ត្រង់ចំណុចភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿងម៉ាកកូរ៉ូឡា ពណ៌ទឹក មាស ពាក់ផ្លាកលេខកំពង់ចាម 2A-0915 អ្នកបើកបរឈ្មោះ ហ៊ុន វិបុល ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្នុង ភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដឹកមនុស្សចំនួន០៤នាក់ ស្រីម្នាក់។ ទី០១-គួច ម៉ូលី ភេទប្រុស អាយុ២៨ឆ្នាំ(ស្រាល),ទី០២-សុខ ស្រីលីន ភេទស្រី អាយុ២៤ឆ្នាំ(ស្រាល) អ្នកទាំងពីរនៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ទី០៣-ហ៊ុន ប៊ុនណម ភេទប្រុស អាយុ៤២ឆ្នាំ(ស្រាល) រស់នៅភូមិព្រះដាក់ ឃុំព្រះដាក់ស្រុកបន្ទាយស្រីខេត្តសៀមរាបនិងទី៤-ឡាង សុខហុង ភេទប្រុស អាយុ២៩ឆ្នាំ (ស្រាល) នៅភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកំកោះកុង។
រថយន្តខាងលើនេះ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងទិសដៅ ពីទិសខាងលិចទៅទិសខាងកើត។ លុះបើកបរមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្ត០១គ្រឿងម៉ាក TRACTOR HEAD ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3F-0318 សណ្តោងស៊ីទែនពាក់ស្លាកលេខភ្នំពេញ 4A-7518 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និងអាស័យដ្ឋាននោះទេ (បានចុះរត់គេចខ្លួន ក្រោយពេលកើតហេតុរួច) ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាចំពីមុខពេញទំហឹង បន្ទាប់ មករថយន្តម៉ាក TRACTOR HEAD បានជ្រុលទៅបុកចូលតូបលក់ដូរចំនួន០៣តូបបន្ថែមទៀត បណ្តាលឱ្យមនុស្សម្នាក់ រងរបួសម៉ូតូ១គ្រឿងនិងគោយន្ត០១ គ្រឿងទៀតរងការខូចខាត។
នគរបាលបានបញ្ជាក់ថាតូបទី០១ ម្ចាស់ឈ្មោះ កាន ស្រីល័ក្ខ ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ទី០២ឈ្មោះ ខុន សុវណ្ណ ភេទប្រុស អាយុ៥៣ឆ្នាំ រស់ នៅភូមិកើតហេតុខាងលើ។ អ្នករងរបួសមានឈ្មោះ ខុន គីមហុង ភេទប្រុស អាយុ០៤ឆ្នាំ(រងរបួសស្រាល) រស់នៅភូមិកើតហេតុខាងលើ។ ម៉ូតូរងការខូចខាតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ និងគោយន្តម៉ាកគូបូតា ពណ៌ក្រហម សណ្តោងរ៉ឺម៉ក (ជារបស់ឈ្មោះ ខុន សុវណ្ណ)។
នគរបាលជំនាញបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលឱ្យគ្រោះថ្នាក់ ស្លាប់មនុស្សម្នាក់ និងរងរបួសសរុប០៥នាក់ ស្រីម្នាក់។ ក្នុងនោះសពជន រងគ្រោះនគរបាលជំនាញបាន ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះវត្ថុតាងរថយន្តទាំង០២គ្រឿងនគរបាលជំនាញបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖ សូរិយា