ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រោះថ្នាក់ចរាចរណ៍ប៉ះគ្នាតិចតួចសោះឈ្លោះគ្នាបែកផ្សែង!

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍តិចតួចសោះមិនព្រមដោះស្រាយសម្រួលគ្នាបែរជាកើតជម្លោះឈ្លោះគ្នាបែកផ្សែងចង់កើតជាហិង្សាថែមទៀតផង។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីយប់ថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២៣នៅចំណុចផ្លូវលេខ១០១១ កែងនឹងផ្លូវលេខ១៩៧០ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

    អ្នកឃើញហេតុការណ៍បានឱ្យដឹងថា  នៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាក Morning ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AT-9713 បើកបរដោយបុរសម្នាក់និងមានអ្នករួមដំណើរជាស្ត្រីក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុរថយន្តបានបត់ឆ្វេងក៏ប៉ះជាមួយនឹងម៉ូតូ១គ្រឿម៉ាកហុងដាឌ្រីមសេ១២៥ សេ៊រីឆ្នាំ២០១៩ពណ៌ខ្មៅពាក់ស្លាកលេខពោធិ៍សាត់ 1L-3443 បើកក្នុងទិសដៅពីលិចទៅកើតជិះគ្នា៣នាក់បណ្តាលឱ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើររងរបួសស្រាល។ 

    ប្រភពពីកន្លែងកើតហេតុបានបន្តឱ្យដឹងទៀតថា  ក្រោយមកភាគីទាំងពីរមិនបានធ្វើការសម្របសម្រួលគ្នានោះទេគឺគិតតែជជែកយកត្រូវរៀងៗខ្លួនថែមទាំងឈ្លោះគ្នាបែកផ្សែងធ្វើអោយភ្ញាក់ផ្អើលដល់អ្នកដំណើរនិងសមត្ថកិច្ចមូលដ្ឋានចុះធ្វើអន្តរាគមន៍។

    ក្រោយកើតហេតុដោយសារតែភាគីទាំងពីរសម្របសម្រួលគ្នាមិនត្រូវសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍ខណ្ឌបានធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖