ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យតៃកុងងងុយដេក​ បេីករថយន្តដឹកអង្ករពីខេត្តចូលមកភ្នំពេញមិនប្រយ័ត្នបុកទ្រូងផ្លូវជាតិលេខ៥ខូចខាតយ៉ាងដំណំ​ និងរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានគាបជាប់កាប៊ីនរថយន្តត្រូវបានប្រជាពលរដ្ឋជួយគាស់និងដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាម​ៗ​ បន្ទាប់ពីបេីករថយន្តដឹកអង្ករពីកំពុងឆ្នាំងមកភ្នំពេញ សង្ស័យងងុយដេកខ្លាំងបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុនោះគេឃេីញរថយន្តម៉ាក​ ហុីយ៉ាន់ដាយ​ ពណ៌ខៀវ​ ពាក់ផ្លាក​លេខភ្នំពេញ​ 3B-2545 បានធ្វេីដំណេីរតាមបណ្ដោយជាតិលេខ៥​ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុខាងលេីមិនប្រយ័ត្ន​ និងសង្ស័យតៃកុងងងុយដេក​ផងនោះ ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យរបាំងថ្មបាក់វៀចអស់៧កង់​ រីឯរថយន្តបង្កខ្ទេចមួយកំណាត់​គាបជាប់តៃកុងនៅក្នុងកាប៊ីនរថយន្តរងរបួសធ្ងន់​ និងអង្ករខ្ទេចធ្លាក់ពេញផ្លូវផងដែរ​ ។ 

    ក្រោយកេីតហេតុភ្លាមៗ​ តៃកុងរថយន្តបង្កដែលរបួសធ្ងន់​ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះអាយុជីវិត​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ រួចធ្វេីការវាស់វែងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាយ័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ជាបណ្ដោះអាសន្នរង់ចាំដោះស្រាយគ្នាតាមក្រោយ​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖