ខេត្តពោធិ៍សាត់ ៖ ដោយមានបទបញ្ជាដ៍ម៉ឺងម៉ាត់ពីលោក ឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុង ចុះសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ ដឹកនាំ និងបញ្ជាផ្ទាល់ដោយលោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននរគបាលខេត្ត បានធ្វើការបង្រ្កាប មុខសញ្ញាដាក់ថ្នាំយ៉ាងសកម្មដើម្បីលួចព្រទ្យសម្បត្តិប្រជាពលរដ្ឋ និងពិរុទ្ធជនរបស់សាលាដំបូងខេត្តបាត់ដំបងផងដែរ ដែលបានធ្វើឡើងត្រង់ចំណុចរោងបុណ្យមួយ ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។
នេះបើតាមការបញ្ជាក់ពី លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹង នារសៀលថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ ។
បើយោងដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៧៣ គ.ព្រ/២២ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ចេញដោយលោក ឡេង វណ្ណារិទ្ធិ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តខេត្តបាត់ដំបង ពិរុទ្ធជនឈ្មោះ កែវ លីដា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីកន្លែងកំណើត សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានទីលំនៅ បច្ចុប្បន្ន ភូមិហៃសាន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនដដែលនោះ ពិរុទ្ធជន(កែវ លីដា)ប្រវត្តិនៃការផ្ដន្ទាទោសពីមុនគ្មានជានីតិជន។(គេចខ្លួន)ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ចំនួន០៥(ប្រាំ)ឆ្នាំ ពីបទៈ លួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា ប្រព្រឹត្ត នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុង.ខេត្តបាត់ដំបង កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញាតិមាត្រា៣៥៣ នៃមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ ។ ពិរុទ្ធជន កែវ លីដា តុលាការបង្គាប់ឲ្យចាប់ខ្លួនតាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ៩១៤(ង)ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ រួចហើយ ៕
ដោយ៖ ប៉ឹម ពិន